កីឡា

ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ច្រើនជាងគេ នៃការប្រកួតជើងឯក អត្តពលកម្មថ្នាក់ជាតិ

ភ្នំពេញ៖ក្រសួងការពារជាតិបានមេដាយមាសច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយពីលោក អ៊ុក ឌីម៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៅពហុកីឡដ្ឋានជាតិ។


លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធបានរាយការណ៍ថាការប្រកួតបានបែងចែកចេញជា២ប្រភេទអាយុគឺប្រភេទអាយុក្រោម១៨ឆ្នាំមាន១៤វិញ្ញាសាគឺបុរស៧វិញ្ញាសា និងនារី៧វិញ្ញាសា អាយុ១៨ឆ្នាំឡើងមាន១២វិញ្ញាសាគឺបុរសមានម៦វិញ្ញាសា និង នារី៦វិញ្ញាសាដែរ សរុបទាំងអស់មាន២៦វិញ្ញាសា ។ មាន១៤សមាគម ក្លិប រាជធានី ខេត្ត និងសាលាចូលរួមដែលមានកីឡាករ កីឡាការិនីចំនួន១៥៥នាក់ក្នុងនោះកីឡាការិនីចំនួន៦៣រូបចូលរួមក្នុងការប្រកួតនេះ ។


សមាគមកីឡាក្រសួងការពារជាតិប្រជែងបានបមេដាយច្រើនជាងគេគឺបានមេដាយមាសចំនួន៦គ្រឿងមេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរិទ្ធចំនួន២គ្រឿង រាជធានីភ្នំពេញឈរនៅលំដាប់ថ្នាក់លេខ២ដោយបានមេដាយមាសចំនួន៤គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ១គ្រឿង ។ ខេត្តចំនួន៣ប្រជែងបានមេដាយមាសស្មើគ្នានោះគឺខេត្តកំពត ព្រៃវែង និង កំពង់ឆ្នាំងដែលរកបានមេដាយមាសចំនួន៣គ្រឿងដូចគ្នា ។


ក្នុងចំណោមខេត្តទាំង៣នោះខេត្តកំពតឈរនៅលើគេដោយបានមេដាយមាស៣គ្រឿង ប្រាក់៦គ្រឿង និង សំរិទ្ធ១គ្រឿង ។ខេត្តព្រៃវែងនៅលំដាប់បន្ទាប់គឺមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៥គ្រឿង ចំពោះខេត្តកំពង់ឆ្នាំងបានមេដាយមាស៣គ្រឿង ប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ។


សូមបញ្ជាក់ថាការប្រកួតនេះធ្វើឡើងដោយក្រសួងអប់រំយុវជន និង កីឡាជាអ្នកទ្រទ្រង់ថវិការួមជាមួយនឹងការជួយមួយផ្នែករបស់ផ្នែកឯកជន ។លោកអ៊ុក ឌីវ៉ង់អគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមបំពាក់មេដាយក្នុងពិធីបិទការប្រកួតនេះ៕ដោយ៖លី ភីលីព

Most Popular

To Top