បរទេស៖ បើទោះជាមានក្តីព្រួយបារម្ភជុំវិញ ភាពគឃ្លើនរបស់ប្រទេសតួកគីក៏ដោយ ក៏ការចូលរួមចំណែក របស់ប្រទេសតួកគីចំពោះអង្គការណាតូ ត្រូវបានលើកយកមកសរសើរ នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចមួយ ធ្វើឡើងដោយមេបញ្ជាការគណៈកម្មាធិការយោធា របស់អង្គការណាតូ នាសប្ដាហ៍នេះ។
មុនពេលធ្វើដំណើរចេញពីទី ក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារ លោក Marshal Sir Stuart Peach បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសតួកគីធ្វើការរួមចំណែក យ៉ាងសំខាន់ ចំពោះប្រតិបត្តិការនិងសកម្មភាព នានារបស់អង្គការណាតូ។ អង្គការណាតូកំពុងតែធ្វើការងារ ដើម្បីពង្រឹងកិច្ចទប់ទល់និងការពាររួមគ្នាបន្ថែមទៀត និងដើម្បីការពារស្ថិរភាពនៅតាមព្រំដែនរបស់យើង ហើយតួកគីគឺកំពុងតែដើរតួនាទីដ៏សំខាន់មួយក្នុងរឿងទាំងពីរនោះ”។
គួរបញ្ជាក់ថា ក្នុងខណៈនៅក្នុងប្រទេសតួកគី លោក Marshal Sir Stuart Peach បានជួបគ្នាជាមួយមន្ត្រីយោធាតួកគីនានា រដ្ឋមន្ត្រីការបរទេស លោក Melvut Cavuslogu និងរដ្ឋមន្ត្រីការពារជាតិ លោក Hulusi Akar នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការណាតូ៕ ប្រែសម្រួល៖ប៉ាង កុង