បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មេបញ្ជាការយោធាមួយរូប របស់អាមេរិក គឺលោក Kenneth McKenzie បានប្រកាសថាសហរដ្ឋអាមេរិក នឹងដកកងទ័ពរាប់ពាន់នាក់ ចេញពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន នៅត្រឹមខែវិច្ឆិកាខាងមុខនេះ។
សារព័ត៌មាន Politico បានរាយការណ៍ថា លោក Mckenzie បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅអំឡុងនៃពិធីផ្លូវការមួយ ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ាក់ ដោយក្នុងនោះ លោកបានបន្តទៀតដែរថា វត្តមានទាហានអាមេរិកនៅអ៊ីរ៉ាក់ នឹងត្រូវកាត់បន្ថយមកត្រឹម ៣០០០ នាក់ នៅត្រឹមចុងខែកញ្ញា។
លោកបញ្ជាក់ថា ការកាត់បន្ថយកម្លាំងយោធា គឺដោយសារតែអាមេរិកមើលឃើញថា វឌ្ឍនភាពដ៏អស្ចារ្យ ដែលកងកំលាំងអ៊ីរ៉ាក់ បានធ្វើនិងក្នុងការពិគ្រោះយោបល់ ព្រមទាំងសម្របសម្រួល ក្នុងភាពដ៏ល្អប្រសើរ ក្នុងនាមជាដៃគូចម្រុះរបស់អាមេរិក ។
បច្ចុប្បន្ននេះ មានកងទ័ពសហរដ្ឋអាមេរិកជាង ៥០០០ នាក់ ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងទ័ពអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមសំណល់ ដែលសេសសល់ពី រដ្ឋអ៊ីស្លាម (IS) ដែលអាមេរិកផ្តោតខ្លាំង តែទៅលើការបណ្តុះបណ្តាល និងគោលបំណង ប្រឹក្សាជំនាញយោធាប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី