ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងគិតគូរដាក់ ឱ្យដំណើរការឡើងវិញ នូវរថយន្តក្រុងសេវាសាធារណៈ (City Bus) នាពេលខាងមុខនេះ បន្ទាប់ពីត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយព្រួយបារម្ភពីការចម្លងនូវនូវជំងឺ Covid-19។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាដាក់ឱ្យមានការដំណើរការ សាលារៀនមួយចំនួនឡើងវិញ នាកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញក៏កំពុងគិតគូរ ដាក់ឱ្យដំណើរឡើងវិញនូវ រថយន្តក្រុងសេវាសាធារណៈផងដែរ។
លោកថ្លែងថា “រដ្ឋបាលរាជធានីភ្នំពេញ កំពុងគិតបញ្ហានេះ តែមិនទាន់មានការកំណត់ ពេលវេលាជាក់លាក់នៅឡើយទេ”។
យោងតាមសេចក្តីជំដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាក ការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នមេរោគកូវីដ ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលបានរកឃើញ មានអ្នកផ្ទុកមេរោគកូវីដ១៩មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធា នការទប់ស្កាត់ការចម្លង និងការរីករាលដាល នៃមេរោគកូវីដ១៩នេះផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ដូចនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្ននំពេញ សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ៕
ប្រភព៖ propertyarea