បរទេស៖ យោងតាម សេចក្តីរាយការណ៍ កាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងតេស្តសាកល្បង បាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក ក្នុងពេលប៉ុន្មានខែខាងមុខនេះ ក្រោយពីបង្ហាញសមត្ថភាពមីស៊ីល ផ្លោងឆ្លងទ្វីបរបស់ខ្លួន។
កាសែតកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយលើកយក ពីប្រភពយោធាកូរ៉េខាងត្បូងថា ទីក្រុងព្យុងយ៉ាង អាចនឹងពាក់ព័ន្ធក្នុងការបង្កហេតុ ក្រោយថ្ងៃទី១០ ខែតុលា នៅពេលដែលរបបនេះ គ្រោងអង្កេតមើលគម្រប់ខួប នៃការបង្កើតបក្សពលករកូរ៉េលើកទី៧៥។
នៅក្នុងអំឡុងពេលធ្វើព្យុហយាត្រា ដែលគ្រោងទុកនៅថ្ងៃគម្រប់ខួបនោះ កូរ៉េខាងជើង អាចនឹងបង្ហាញមីស៊ីល ផ្លោងបាញ់ចេញពីនាវាមុជទឹកថ្មី និងទាញយកចំណាប់អារម្មណ៍ពីអន្តរជាតិ ស្តីពីឃ្លាំងអាវុធ មានសមត្ថភាពអាចបាញ់ ដល់ទឹកដីសហរដ្ឋអាមេរិក ហើយការតេស្តនេះ គឺមានលក្ខណៈបែបយុទ្ធសាស្ត្រ និងត្រូវបានកំណត់ពេលឲ្យកើតឡើង នៅមុនការបោះឆ្នោត ជ្រើសប្រធានាធិបតីសហរដ្ឋអាមេរិក នាថ្ងៃទី០៣ ខែកញ្ញាខាងមុខនេះ៕ ប្រែសម្រួល៖ប៉ាង កុង