ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ថ្កោលទោស ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ របស់ចិននៅជិតកោះ

បរទេស៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការថ្កោលទោសប្រទេសចិន ជុំវិញការធ្វើសមយុទ្ធទ័ពអាកាស និងទ័ពជើងទឹកទ្រង់ទ្រាយធំ នៅក្បែរតំបន់ឆ្នេរភាគនិរតី របស់កោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ដោយហៅសមយុទ្ធទាំងនោះថា ជាការបង្កហេតុធ្ងន់ធ្ងរ និងជាការគម្រាមកំហែង ដល់ចរាចរណ៍ដែនអាកាសអន្តរជាតិ។

លោក Yeh Kuo-hui មកពីនាយកដ្ឋានប្រតិបត្តិការ និងផែនការ របស់ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយប្រាប់សន្និសីទកាសែត ដែលរៀបចំឡើងភ្លាមៗមួយថា ចេតនារបស់ប្រទេសចិន គឺមិនអាចទស្សន៍ទាយទុកមុនបាននោះទេ។

ក្រោយធ្វើការសន្និសីទកាសែត ពីមន្ត្រីជាន់ខ្ពស់នានា ដែលពិពណ៌នាសកម្មភាពចិន ក្នុងពេល២ថ្ងៃកន្លងទៅ និងបង្ហាញផែនទី នៃសកម្មភាពរបស់ចិននោះ លោក Yeh Kuo-hui បាននិយាយយ៉ាងដូច្នេះថា “យើងត្រូវតែធ្វើការត្រៀមរៀបចំទាំងអស់ សម្រាប់ការត្រៀមលក្ខណៈ សម្រាប់សង្គ្រាម”។

គួរបញ្ជាក់ថា ប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួននោះ នាពេលថ្មីៗនេះ បានបង្កើនសមយុទ្ធយោធា នៅជិតកោះតៃវ៉ាន់ ជាអ្វីដែលទីក្រុងតៃប៉ិមើលឃើញថា ជាការសម្លុតគម្រាមបង្ខំតៃវ៉ាន់ ឲ្យទទួលយកការគ្រប់គ្រងពីចិន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top