បរទេស ៖ រដ្ឋាភិបាល របស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រម្សិលមិញនេះ បានបដិសេធច្រានចោល នូវការអះអាងធ្វើឡើងដោយក្រុមហ៊ុន Microsoft ដែលថា ទីក្រុងតេអេរ៉ង់កំពុង តែព្យាយាមធ្វើការជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោតជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក។
ក្នុងរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមហ៊ុន Microsoft បាននិយាយថា អ្នកស្រាវជ្រាវបានរកឃើញថា ប្រទេសអ៊ីរ៉ង់ រុស្ស៊ីនិងចិន នៅក្នុងឆ្នាំនេះទាំងអស់ សុទ្ធតែបានចូលរួមក្នុងការប៉ុនប៉ង លួចយកទិន្នន័យកុំព្យូទ័រអង្គភាពផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបេក្ខភាពបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក Joe Biden ។
ចំណែកមន្ត្រីនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានច្រានចោលការចោទ ប្រកាន់នោះ ហើយលោកបានឡើងវិញថា សហរដ្ឋអាមេរិកកំពុង តែនៅពីក្រោយយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន មិនពិតយ៉ាងសកម្ម នៅក្នុងប្រទេសដទៃ និងគ្មានមូលដ្ឋានសីលធម៌ណាមួយ បង្កើតការចោទប្រកាន់ចំពោះអ្នកដទៃនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង