សេដ្ឋកិច្ច​

រដ្ឋាភិបាល​ ចាប់ផ្តើម​ដោះស្រាយ​សំណង់ ​មិន​រៀបរយ​នៅ​ផ្នែក​មួយ ​នៃ​កោះរ៉ុង​សន្លឹម

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​ពិភាក្សា​ដោះស្រាយ​ ផលប៉ះពាល់​សំណង់​មិន​រៀបរយ ​នៅលើ​ទីតាំង​វិនិយោគ​ នៅ​ផ្នែក​មួយ​នៃ​ភូមិ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ដើម្បី​ព​ន្លឿ​ង​ការអភិវឌ្ឍន៍។

លោក​ ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា នេះ​គឺជា​កិច្ចប្រជុំ​ដោះស្រាយ​ដំបូង ដោយមាន​ការចូលរួម​ពី ​តំណាង​មកពី​ក្រសួង​រៀបចំ​ដី រដ្ឋបាលខេត្ត តំណាង​ក្រុង​ម​ហ៊ុន​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ​នានា​ធ្វើឱ្យ​យ៉ាងណា​ដោះស្រាយ ​សំណង់​ដែល​មិន​រៀបរយ​នៅ​ទីនោះ។

លោក​បន្តថា ចំពោះ​លទ្ធផល​បឋម ភាគី​ទាំងអស់​បានសម្រេច​ចុះ ទៅ​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ ​ដែល​កំពុង​រស់នៅ​ជាក់ស្តែង​ នៅលើ​ទីតាំង​ជាក់ស្តែង និង​កំពុង​អាស្រ័យ​ផល ។

លោក​បន្ថែមថា “ជាមួយគ្នានេះ ក៏​នឹង​ចុះ​ស្រាវជ្រាវ​ចងក្រង​ឯកសារ បទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​នឹង ការវិនិយោគ​របស់​ក្រុមហ៊ុន​ ឯកជន​នៅលើ​កោះរ៉ុង​នេះ ហើយក៏​នឹង​ដោះស្រាយ ​ផលប៉ះពាល់​ទៅលើ​ដីធ្លី ពាក់ព័ន្ធ​នឹង​ស្ថាប័នរដ្ឋ​ មួយចំនួនទៀត​ផងដែរ” ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការពិភាក្សា​ដោះស្រាយ​ ផលប៉ះពាល់​នៅលើ​ទីតាំង​វិនិយោគ ​នៅ​ផ្នែក​មួយ​នៃ​ភូមិ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ មានការ​ចូលរួម​ពី តំណាង​ក្រសួង​ជំនាញ លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ។

កោះរ៉ុង​សន្លឹម គឺជា​ដែន​កោះ​មួយ​ដែល​ នៅ​មិន​ឆ្ងាយ​ពី​កោះរ៉ុង​ឡើយ ដោយ​កោះ​នេះ ស្ថិតនៅ​ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​បច្ចុប្បន្ននេះ បា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ ដ៏​ទាក់ទាញ​បំផុត​នៅក្នុង ​ដែល​សមុទ្រ​របស់​កម្ពុជា។

កោះរ៉ុង​សន្លឹម​មាន​ចម្ងាយ ​ពី​ក្រុងព្រះសីហនុ​ប្រវែង ៣៨ គីឡូម៉ែត្រ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៥ភូមិ ដែល​ភាគច្រើន​ប្រកបមុខរបរ​ជា​នេសាទ និង​មាន​ផ្ទៃ​ឌី​ទំហំ ប្រមាណ ៥០០០ ហិកតា និង​មាន​ឆ្នេរ​ខ្សាច់​លាតសន្ធឹង​ជាង ១គីឡូម៉ែត្រ ៕

ប្រភព៖ propertyarea

Most Popular

To Top