Gonzalo Higuain នឹងក្លាយជាកីឡាករមានថ្លៃឈ្នួលច្រើនជាងគេនៅលីគកំពូលអាមេរិក MLS នាពេលបច្ចុប្បន្ន នៅពេលដែលចុះកុងត្រាជាផ្លូវការជាមួយក្លឹប Inter Miami។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបានយល់ព្រមទទួលយកប្រាក់២,៣លានផោនជាមួយ Juventus ដើម្បីបញ្ចប់កុងត្រាជាមួយគ្នា។ នេះមានន័យថា ការផ្លាស់របស់គេមកកាន់ក្លឹប Inter Miami គឺគ្មានតម្លៃខ្លួនទេ។ តាមការឲ្យដឹង Higuain នឹងទទួលបានប្រាក់ឈ្នួល៥,៤៥លានផោន (៧លានដុល្លារ) នៅក្លឹបថ្មី ដែលអតីតមិត្តរួមក្រុមនៅ Juventus គឺ Blaise Matuidi កំពុងលេង។
អតីតកីឡាកររបស់ Real Madrid វ័យ៣២ឆ្នាំនឹងចុះកុងត្រារយៈពេល២ឆ្នាំកន្លះជាមួយក្លឹបដែលមានភាគហ៊ុនរបស់ Devid Beckham។ ត្បិតតែការផ្ទេររបស់ Higuain មកកាន់ Inter Miami មិនទាន់ផ្លូវការ ប៉ុន្តែម្ចាស់ហ៊ុនរបស់ក្លឹបលោក Jorge Mas បានបង្ហោះរូបជាមួយកីឡាករនៅកីឡដ្ឋាន Miami។
នេះមានន័យថា ការផ្ទេរនឹងប្រកាសក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ។ កីឡាករ Zlatan Ibrahimovic ជាកីឡាករមានថ្លៃឈ្នួលច្រើនជាងគេនៅ MLS ក្នុងឆ្នាំ២០១៩ ប៉ុន្តែពេលនេះគេបានផ្លាស់ទៅចូលរួមជាមួយ AC MilaN ក្រោយចាកចេញពី LA Galaxy នៅឆ្នាំមុន៕
ប្រភព៖ sabay