បរទេស៖ យោធាចិនបានរុញច្រាន ប្រឆាំងនឹងរបាយការណ៍មន្ទីរបញ្ចកោណថ្មីៗនេះ ដែលបានប្រគល់ទៅ សភាអាមេរិកដោយលើកហេតុផលថា វាជារដ្ឋាភិបាលវ៉ាស៊ីនតោន មិនមែនទីក្រុងប៉េកាំងទេ ដែលបង្កការគំរាមកំហែង ដ៏ធំដល់សន្តិភាពពិភពលោកនោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិនបានមានប្រសាសន៍ថា “ ភស្តុតាងជាច្រើនឆ្នាំ បង្ហាញថា សហរដ្ឋអាមេរិក គឺជាអ្នកបង្កចលាចល ក្នុងតំបន់ អ្នករំលោភសណ្តាប់ធ្នាប់អន្តរជាតិ និងបំផ្លាញសន្តិភាព ពិភពលោក” ។ ចិនអះអាង នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Associated Press ។
លោកបានអះអាងថា វត្តមាននិងសកម្មភាពរបស់កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ស៊ីរី និង ប្រទេសលីប៊ី បាននាំឱ្យមានមនុស្សស្លាប់ជាង ៨ សែននាក់ និងបណ្តាលឱ្យមនុស្ស រាប់លាននាក់ បាត់បង់ផ្ទះសម្បែង។
លោកបន្ថែមថា “ ជាជាងឆ្លុះបញ្ចាំងពីខ្លួនឯង សហរដ្ឋអាមេរិកបានចេញរបាយការណ៍ ដែលគេហៅថា ការធ្វើអត្ថាធិប្បាយមិនពិតអំពីសំណង់ការពារយោធា និងយោធាធម្មតារបស់ចិន” ៕
ប្រែសម្រួលៈ ណៃ តុលា