អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបង្ហាញ Google Mapsថ្មី កំពុងបន្ថែមស្រទាប់ថ្មីមួយ ផ្តល់ព័ត៌មានឲ្យអ្នកប្រើប្រាស់ នូវព័ត៌មានថ្មីៗ អំពីការផ្ទុះឡើង នៃមេរោគCOVID-19 ក្នុងតំបន់ដែលបានជ្រើសរើស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
លក្ខណៈពិសេសថ្មី មាននៅលើចំណែក នៃការអាប់ដេតទាក់ទងនឹងវីរុសដទៃទៀត ចំពោះផែនទី រួមទាំងព័ត៌មានស្តីពីភាពចង្អៀតណែន ការដាស់តឿន ការធ្វើដំណើរឆ្លងកាត់កន្លែងមានមេរោគ COVID-19 និងការរឹតត្បិតការធ្វើដំណើរ។ អ្នកប្រើប្រាស់ចុចប៊ូតុង ‘ស្រទាប់’ នៅជ្រុងខាងស្តាំដៃ នៃផែនទីហើយចុចលើព័ត៌មាន COVID-19 ។ ជាមធ្យមរយៈពេល ៧ ថ្ងៃនៃការឆ្លងថ្មីចំពោះមនុស្ស ១០០,០០០ នាក់ នឹងលេចចេញមក ក៏ដូចជាស្លាកបង្ហាញថា តើករណីទាំងនោះ កំពុងកើនឡើង ឬធ្លាក់ចុះ។
ការសរសេរកូដពណ៌ នៅលើផែនទីចង្អុលបង្ហាញ ពីដង់ស៊ីតេនៃករណីថ្មី៖ ពណ៌ប្រផេះបង្ហាញថា មិនមានករណី នៅក្នុងតំបន់បានផ្តល់ឲ្យនោះឡើយ ពណ៌លឿងតំណាងឲ្យ ១-១០ ករណី ពណ៌ទឹកក្រូច ១០-២០ ពណ៌ទឹកក្រូចខ្មៅ ២០-៣០ ករណី ក្រហម ៣០-៤០ និងពណ៌ក្រហម ដែលចង្អុលបង្ហាញច្រើនជាង ៤០ ករណី ក្នុងចំណោមប្រជាជន ១០០.០០០ នាក់៕ ដោយ៖លី ភីលីព