បរទេស៖ទីភ្នាក់់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសបេឡារុស ក្រោយពីបានចូលរួមក្នុងសហសមយុទ្ធយោធា Slavic Brotherhood។
តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ទាហានឆ័ត្រយោង ដែលបានលោតឆ័ត្រយោងចូលទៅក្នុងប្រទេសបេឡារុស កាលពីថ្ងៃពុធនោះ កំពុងតែរៀបបញ្ជូនសម្ភារៈនិងបុគ្គលិកទៅលើរថភ្លើងយោធា សម្រាប់ការចាកចេញពីទីក្រុង Brest។
គួរបញ្ជាក់ថា សហសមយុទ្ធនោះ គឺជានិមិត្តសញ្ញាមួយនៃការគាំទ្ររបស់រុស្ស៊ី ចំពោះប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិរយៈពេល៥ឆ្នាំថ្មី បើទោះជាមានការតវ៉ាប្រឆាំងទ្រង់ទ្រាយធំ ជុំវិញការបោះឆ្នោតដែលគេចោទថាមានការក្លែងបន្លំក៏ដោយ៕ប្រែសម្រួល៖ប៉ាង កុង