បរទេស៖ រដ្ឋមន្ត្រីការបរទេសស៊ីរី តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ រដ្ឋបាលរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ពីបទប៉ុនប៉ង បិទដង្ហើមពលរដ្ឋស៊ីរី ដោយប្រើប្រាស់ទណ្ឌកម្ម ដែលហាក់ដូច ទៅនឹងលោក ចញ ផ្លយ និងបុគ្គលដទៃទៀត ត្រូវគេខ្ទប់ដង្ហើម យ៉ាងព្រៃផ្សៃ នៅសហរដ្ឋអាមេរិក។
ក្នុងខណៈថ្លែងប្រាប់ ដល់មហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃសៅរ៍ម្សិលមិញនេះ លោក Walid Al-Moualem ជារដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រីស៊ីរី បានប្រៀបប្រដូច ឥទ្ធិពលទណ្ឌកម្ម ទៅនឹងការសម្លាប់ របស់លោក ផ្លយ ជាជនជាតិអាមេរិក ស្បែកខ្មៅ ស្លាប់ក្នុងខែឧសភា ក្រោយប៉ូលីសស្បែកស ច្រត់ជង្គង់លើករបស់គាត់ ។
លោក Al-Moualem បានថ្លែងយ៉ាងដូច្នេះថា “គោលបំណងពិតនៃច្បាប់ (ការដាក់ទណ្ឌកម្ម) គឺដើម្បីដាក់សម្ពាធ លើប្រជាជនស៊ីរី ការចិញ្ចឹមជីវិត និងជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ។ វាជាការប៉ុនប៉ង ដ៏ព្រៃផ្សៃខ្ទប់ដង្ហើម លោក ចញ ផ្លយ និងបុគ្គលដទៃទៀត នៅសហរដ្ឋអាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង