ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង កម្ពុជា ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡាសុំសាក់ស្នៀត គុនជាមួយអ្នកប្រដាល់ថៃ Phat Ka ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fireរបស់SEATV។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ គេមានផ្លែល្អ និងរឹងមាំណាស់ ទោះបីរូបគេទើបតែមកប្រកួត នៅស្រុកខ្មែរជាលើកទី២ ប៉ុណ្ណោះ លើកទី១វាយឈ្នះ មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។ អ្នកប្រដាល់ថៃរូបនេះ គឺមានស្នៀតប្រដាល់ និងបច្ចេកទេសល្អហើយ វាយខ្លាំងថែមទៀត និងប្រកួត ៧៥លើក ឈ្នះ៦៥លើក និងចាញ់១០លើក មិនដែលស្មើ។
ចំណែក ផាន់ គ្រាន់ ជាអ្នកប្រដាល់ល្អ និងខ្លាំង ទោះបីមានស្នៀតប្រដាល់ និងបច្ចេកទេសល្អ ហើយវាយខ្លាំងក៏ដោយ នៅរូបគេមិនអាចធ្វើប្រហេសបានឡើយ ។ ផាន់ គ្រាន់ គេមានប្រវត្តិប្រកួតចំនួន១៣៥លើក ឈ្នះ១១១លើក ចាញ់២១លើក និងស្មើពិន្ទុ៣លើក។
ចំពោះ អ្នកប្រដាល់កុយ ចាន់តូ ក្លិបគីសែមានរិទ្ធប្រកួត ជាមួយអ្នកប្រដាល់ស្រករក្រោយអេលីត វិចិត្រ ក្លិបឆ្មាសសែនសុខគុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ចំពោះ សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ជួបអ្នកប្រដាល់ ឈុំ ស្រស់ ក្លិបនាគរាជចតុមុខ ប្រភេទទម្ងន់៥៧គីឡូក្រាម និងអ្នកប្រដាល់ សារឿន ទិត្យ ក្លិបតាព្រហ្មមានជ័យប្រកួតអ្នកប្រដាល់ ក្លិបសុខ កាន ក្លិបឃ្លាំងមឿងកីឡា ក្នុងប្រភេទទម្ងន់៦០គីឡក្រាម៕ដោយ៖លី ភីលីព