ភ្នំពេញៈ ទីផ្សារអគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ នូវតែទទួលរងនូវផលប៉ះពាល់ ពីការរាតត្បាតជាសកលពីជំងឺកូវីដ១៩ ស្របពេលដែលវិបត្តិនេះស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។
លោកស្រីអាន សុធិតា នាយិកាក្រុមអន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ការសងសង់អគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺផ្តោតសំខាន់លើទីផ្សារអន្តរជាតិ ដែលសំដៅដល់ទីផ្សារសម្រាប់វិនិយោគិនបរទេស ដែលមករកស៊ីនៅក្នុងប្រទេសកម្ពុជា តែដោយសារការមានការផ្ទុះឡើងនូវវិបត្តិបានធ្វើឱ្យទីផ្សារមួយនេះធ្លាក់ចុះ។
លោកស្រីថ្លែងថា “កាលពីពេលថ្មីៗ នៅពេលដែលទទួលរងនូវផលប៉ះពាល់ ពីការររីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យទីផ្សារអគារពាណិជ្ជកម្ម ស្ថិតនៅក្នុងសភាពយឺតបន្តិច ហើយការសាងសង់អគារពាណិជ្ជកម្មភាគច្រើន ផ្តោតលើទីផ្សារអន្តរជាតិ តែដោ យសារមានបញ្ហា (ជំងឺកូវីដ១៩) បានហាមឃាត់វិនិយោគិនចូលមកកម្ពុជា” ។
លោកស្រីបញ្ជាក់ទៀតថា បើធៀបទៅនឹងទីផ្សារអគារពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ជាមួយនឹងបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ានគឺនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការវិនិយោគបន្ថែមទៀត តែយ៉ាងណាបើច្រើនពេកវាអាចនឹងមានការផ្គត់ផ្គង់លើសតម្រូវការ” ។
លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាធ្លាប់បានឱ្យដឹងដែរថា វិបិត្តនៃជំងឺកូវីដ-១៩ ជាសកល បានធ្វើវិស័យជាច្រើនបានធ្លាក់ចុះ ក្នុងនោះក៏ រួមមាន វិស័យអចលនទ្រព្យមួយចំណែកផងដែរ ។ តែយ៉ាងណាស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ បន្ទាប់ពីត្រូវបានទប់ស្កាត់នូវជំងឺកូវីដ១៩បាន ។
លោកបន្តថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យការវិនិយោគពីក្រៅស្រុកធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ លើវិស័យអចលនទ្រព្យកម្ពុជា ដោយសារពួកគេ (អ្នកដែលមានបំណងមកវិនិយោគ) មិនអាចធ្វើដំណើរ មកកាន់កម្ពុជា ហើយត្រូវបានផ្អាក តែយ៉ាងណាសម្រាប់អ្នកវិនិយោគនៅក្នុងស្រុកនៅតែមានធម្មតា ។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញកាលពីខែមុនេះថា ទីផ្សារការិយាល័យសម្រាប់ជួល នៅក្នុងអគារពាណិជ្ជកម្មបានធ្លាក់ចុះ នៅឆ្នាំ២០២០នេះ ស្របពេលដែលអត្រានៃការជួលការិយាល័យ របស់ក្រុមហ៊ុននានានៅកម្ពុជា ស្ថិតក្នុងស្ថានភាពទ្រឹង ចាប់តាំងពីត្រីមាសទី១ឆ្នាំ២០២០មកម្លេះ។
ការព្យាករណ៍នេះ បានលើកឡើងទៀតថា ចរន្តទីផ្សារនៃការជួលអគារពាណិជ្ជកម្មសម្រាប់បម្រើជាការិយាល័យ របស់ក្រុមហ៊ុនបានចាប់ផ្តើមធ្លាក់ចុះ ចាប់តាំងពីត្រីមាសទី២នៅឆ្នាំនេះ ជាពិសេសចាប់តាំងពីខែឧសភាឆ្នាំ២០២០នេះ រហូតមកដល់បច្ចុប្បន្នផ្ទាល់តែម្តង ហើយក៏រំពឹងថា អាចនឹងបន្តធ្លាក់ចុះបន្តទៀត រហូតដល់ដំណាច់ឆ្នាំ២០២០នេះផងដែរ។
អគារពាណិជ្ជកម្មគឺជាអគារ ដែលត្រូវបានប្រើសម្រាប់ គោលបំណងពាណិជ្ជកម្មរួមអគារការិយាល័យ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សណ្ឋាគារ ផ្សារទំនើប ហាងលក់រាយ អគារលំនៅដ្ឋាន អគារពហុមុខងារ ឃ្លាំង និងយានដ្ឋានជាដើម។ នៅក្នុងទីក្រុង អគារពាណិជ្ជកម្មនវ ក៏ត្រូវបានគេប្រើប្រាស់រួមផងដែរ ទាំងការិយាល័យ ផ្សារទំនើប និងកន្លែងហាក់ប្រាណ ហើយការវិនិយោគអគារពាណិជ្ជកម្មនេះ ទទួលបានចំណូលពីការជួលទៅឱ្យអ្នកវិនិយោគិនជាតិ និងអន្តរជាតិ៕ប្រភព៖propertyarea