កីឡា

សម្តេចពិជ័យសេនា ទៀ បាញ់ធ្វើដំណើរទស្សនកិច្ច ត្រួតពិនិត្យលើដំណើរ ការសាងសង់ពហុកីឡដ្ឋានជាតិ មរកតេជោ

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ បានដឹកនាំប្រតិភូ និងគណៈកម្មការ ជំនាញ ធ្វើដំណើរទស្សនកិច្ច និងពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកដំបូងនៅកម្ពុជា ។

ដំណើរទស្សនកិច្ចនេះអមដំណើរ ដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្រ្ដៃយ៍ CAMSOC លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ពិសេសក៏មានការ ចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដើម្បីជាសក្ខីភាពក្នុងការ ធ្វើបទបង្ហាញពីបច្ចុប្បន្នភាព នៃដំណើរការសាង សង់កីឡដ្ឋានធំ ឬ Main Stadium ដែលជាហិរញ្ញប្បទានឥតសំណងដ៏ធំ របស់រដ្ឋាភិបាលចិនផងដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា គោលដៅនៃដំណើរទស្សនកិច្ច របស់សម្ដេចពិជ័យសេនា ទៀ បាញ់ គឺដើម្បីពិនិត្យវឌ្ឍនភាព របស់ក្រុមហ៊ុនចិន ដែលទទួលបន្ទុកសាងសង់កីឡដ្ឋានធំ និងក្រុមហ៊ុន World Bridge ដែលទទួលបន្ទុក សាងសង់ភូមិកីឡា (Athlete Village) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយតំណាង ក្រុមហ៊ុនទាំង ពីរសុទ្ធតែបានបញ្ជាក់ជាវិជ្ជមាន ក្នុងការ សាងសង់ឲ្យបានរួចរាល់ តាមពេលវេលាកំណត់ ។

លោកថា «ចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ខាងក្រុមហ៊ុនភាគីចិនបានបញ្ជាក់ថា យើងនឹងធ្វើការរួចរាល់ (Main Stadium) នៅខែឧសភា ឆ្នាំ២០២១ ពោលគឺលើស ១ខែនៃការបញ្ជាក់លើកមុន ដោយសារយើងឃើញមានការតុបតែង បន្ទប់ កៅអី និងកញ្ចក់ជាដើម ត្រូវការពេលវេលាច្រើន ពិសេសការតុបតែងខាងក្នុង ដូចជាទីលានបាល់ទាត់ កន្លែងរត់អត្តពលកម្ម សណ្ឋាគារ និងកន្លែង VIP ជាដើម ត្រូវការរៀបចំច្រើន ។ ចឹងយើងសង្ឃឹមថា ពាក់កណ្ដាលឆ្នាំ២០២១ នឹងរួចរាល់ ហើយឆ្នាំ២០២២ យើងនឹងបើកសម្ពោធ ធ្វើការប្រកួតកីឡាជាតិ លើកទី៤ តែម្ដង» ។ ដោយឡែកពាក់ព័ន្ធនឹងដំណើរការសាងសង់ ភូមិកីឡាវិញ អគ្គលេខាធិការ CAMSOC ខាងលើបញ្ជាក់ថា «ការសាង សង់ភូមិកីឡា (Athlete Village) គឺធ្វើយ៉ាងណាឲ្យទាន់ពេលវេលា នេះបើតាមការបញ្ជាក់របស់លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge បានសន្យានឹងធ្វើឲ្យទាន់ពេលវេលា ហើយទីកន្លែងនេះ គឺជាកន្លែងប្រមូលផ្ដុំកីឡាករ-កីឡាការិនីស្នាក់នៅ និងហូបចុកប្រមាណជាង ៧,០០០នាក់ ព្រមទាំងមានការប្រកួតកីឡា ក្នុងសាលមួយចំនួនទៀតផង» ។

បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញ របស់ក្រុមហ៊ុនចិន និងតំណាង World Bridge ក៏ដូចជាការចុះធ្វើទស្សនកិច្ចផ្ទាល់ គ្រប់បរិវេណ នៃពហុកីឡដ្ឋានជាតិមរតកតេជោ បានធ្វើឲ្យសម្ដេចពិជ័យសេនា ទៀត បាញ់ មានភាពកក់ក្ដៅ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ហើយសម្ដេចបានជំរុញការ ធ្វើការឲ្យបានកាន់តែល្អប្រសើរ ទៅតាមគម្រោង និងពេលវេលា ពិសេសគោរពតាមស្ដង់ដារ បច្ចេកទេសនៃការសាងសង់ និងនិយាមបច្ចេកទេសរបស់ប្រភេទកីឡានីមួយៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ៕

Most Popular

To Top