ភ្នំពេញៈ គម្រោងអភវិឌ្ឍន៍ លើវិស័យអចលនទ្រព្យជាច្រើន បាននឹងកំពុងផ្តល់នូវលក្ខខណ្ឌ កាន់តែមានភាពងាយស្រួល ដល់ការទិញ–លក់ ដែលជំរុញឱ្យវិស័យមួយនេះ នៅតែមានសន្ទុះរីកចំរើប បើទោះបីកម្ពុជា ប្រឈមទៅនឹងជំងឺកូវីដ១៩ យ៉ាងណាក្តី។
លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ Propertyarea.asia កាលពីកន្លងមកនេះថា អ្នកភិវឌ្ឍន៍ គម្រោងអចលនទ្រព្យជាច្រើនដូចជា គម្រោងខុនដូ គម្រោងលំនៅឋាន គម្រោងបុរី និងគម្រោងដីឡូតិ៍ ជាដើម ត្រូវបានដាក់លក់នៅក្នុងលក្ខខណ្ឌពិសេស ដល់អតិថិជនរបស់ខ្លួន ដែលកាលពីមុនមាននោះទេ។
លោកស្រីថ្លែងថា “មានគេសួរខ្ញុំ តើធ្វើដូចម្តេច ដើម្បីលក់ខុនដូ គម្រោងលំនៅឋាន បុរី និងដីឡូតិ៍ឆាប់ដាច់? ខ្ញុំបានឆ្លើយថា យើងត្រូវតែសម្រួល ដាក់ការបង់លុយឱ្យមានរយៈពេលយូ ហើយមានភាពងាយស្រួលជាទីបំផុត ទើបអតិថិជនចាប់អារម្មណ៍”។
លោកស្រីបន្ថែមថា “រហូតមដល់ពេលនេះ ស្ទើរតែគ្រប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ បានកែសម្រួលនូវលក្ខខណ្ឌនៃបង់លុយ ហើយបានលក់ដាច់ជាហូរហែ និងទទួលបានជោគជ័យ ចំពោះការលក់គម្រោងរបស់ពួកគេ”។
លោកស្រីពន្យល់ថា “ម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យទាំងអស់ បានអនុវត្តនូវគោលការណ៍នេះ (សម្រួលដល់ការបង់ប្រាក់ ក្នុងរយៈពេលយូ និង មិនមានការប្រាក់) ហើយមានម្ចាស់គម្រោងខ្លះ បានសម្រួលដល់ការប្រាក់រហូតដល់៥ឆ្នាំ”។
លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុនPremium Group បានឱ្យដឹងដែរថា បើទោះបីកម្ពុជា ស្ថិតនៅក្នុងវិបត្តិជំងឺCovid-19យ៉ាងណាក្តី តែការតម្រូវការ លើវិស័យអចលនទ្រព្យ ជាពិសេសលំនៅឋាន នៅតែមានជារៀងរាល់ថ្ងៃ ហើយអ្នកដែលស្វែងរកទិញក៏ទទួលបាននូវលក្ខខណ្ឌពិសេស ពីម្ចាស់គម្រោង។
លោកបន្តថ្លែងថា “តម្រូវការទិញលក់អចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងលក្ខណពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ ហើយមានរយៈពេលវែង និងមានការថែម នូវសម្ភារៈប្រើប្រាស់ផ្សេងៗ នៅក្នុងផ្ទះបាយ ដូចជាទូទឹកកកជាដើម”។លោកបន្តថា “ទំាងលក្ខខណ្ឌនៃការបង់រំលស់ផ្ទះ ក៏ស្ថិតនៅក្នុងស្ថានភាព ល្អប្រសើរផងដែរ”៕ ប្រភព៖ Propertyarea