បរទេស ៖ នៅសប្តាហ៍នេះ ក្រុមអ្នកជាតិ និយមបាននាំគ្នាធ្វើការរិះគន់ រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយអះអាងថា មានករណីកើតឡើងនូវការបន្លំ នៅក្នុងការបោះឆ្នោត កាលពីខែមេសារបស់ប្រទេស ដោយបានថែមទាំងចង្អុលបង្ហាញ ពីអ្វីដែលពួកគេនិយាយថា ជាភស្តុតាងថ្មីក្នុងទម្រង់ នៃការលួចបន្លំបែបអេឡិចត្រូនិក និងការប្រើប្រាស់អ៊ីមែល ដើម្បីបោះឆ្នោតគាំទ្រ ទៅឲ្យគណបក្សកាន់អំណាចដើម្បីបានឈ្នះឆ្នោតលើកនេះ។
នៅក្នុងនោះផងដែរ ក្រុមនេះ ក៏បានលើកឡើងដែរថា គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង បានឈ្នះឆ្នោតនៅក្នុងសភាពជាតិ តាមរយៈការប្រើប្រាស់អ្នកជំនាញ និងដំបូន្មានសំខាន់ ដែលមានប្រភពមកពីប្រទេសចិន។
ភាពចម្រូងចម្រាស ដែលកំពុងកើតមានក្នុងប្រទេសកូរ៉េខាងត្បូងនេះ បានកើតឡើងនៅក្រោយពេល ដែលប្រធានាធិបតីអាមេរិក Donald Trump និងក្រសួងយុត្តិធម៌របស់លោកអះអាងថា មានការជ្រៀតជ្រែកពីចិនមិនមែនរុស្ស៊ីទេ ដែលជាការគំរាមកំហែងធំបំផុត ក្នុងការបោះឆ្នោតនៅអាមេរិក។
ជាការឆ្លើយតបមកដល់ពេលនេះ ហ្វេសប៊ុកបានលប់ចោលនូវ ទំព័រដែលមានទំនាក់ទំនងជាមួយចិន ដែលផ្តោតសំខាន់ ទៅលើទាំងលោក Trump និងបេក្ខជនមកពីបក្ស ប្រជាធិបតេយ្យលោក Joe Biden ផងដែរដើម្បីធ្វើឲ្យច្បាស់ថា នឹងមិនមានការជ្រៀតជ្រែកណាទៀតឡើយ៕
ប្រែសម្រួល៖ស៊ុនលី