បរទេស ៖ នៅថ្ងៃអង្គារនេះ នាទីក្រុងតូក្យូរដ្ឋមន្រ្តីការបរទេស ដែលមានប្រភពមកពីប្រទេសឥណ្ឌូ – ប៉ាស៊ីហ្វិក ចំនួនបួនឬត្រូវបានគេស្គាល់ថា ជាក្រុម Quad បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីការបង្កើន ការចូលរួម របស់ពួកគេនៅក្នុងគំនិតផ្តួចផ្តើមថ្នាក់ តំបន់មួយ ដែលមានឈ្មោះថា“ សេរីនិងបើកចំហឥណ្ឌូ – ប៉ាស៊ីហ្វិក” ក្នុងគោលបំណងប្រឆាំង នឹងការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន។
កិច្ចពិភាក្សានេះ គឺជាកិច្ចពិភាក្សា ដោយផ្ទាល់លើកដំបូង ក្នុងចំណោមរដ្ឋមន្រ្តីការបរទេស ចាប់តាំងពីការឆ្លងរាលដាល នៃវីរុសកូវីដ១៩ ដោយក្នុងនោះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា Subrahmanyam Jaishankar និងរដ្ឋមន្ត្រី ការបរទេសជប៉ុន Toshimitsu Motegi ។
មន្រ្តីរដ្ឋាភិបាល នៃប្រទេសជប៉ុន និយាយថា ពួកគេនឹងពិភាក្សា អំពីផលប៉ះពាល់នៃការឆ្លងរាលដាល នៃវីរុសកូវីដ១៩ផង និងក៏ដូចជាគំនិតផ្តួចផ្តើមសេរីនិងបើកចំហ Indo-Pacific (FOIP) សម្រាប់កិច្ចសហប្រតិបត្តិការ សន្តិសុខនិងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង ដែលប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកំពុងជំរុញ ដើម្បីនាំប្រទេសរួមគ្នានិងចែករំលែកក្តីបារម្ភ អំពីការកើនឡើង នៃឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី