វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក លោក Mark Esper បានបង្ហាញផែនការ របស់មន្ទីរប៉ង់តាហ្គោន សម្រាប់ការបង្កើនចំនួនកងនាវាចរ ដែលស្នើឱ្យមាននាវាមុជទឹក វាយប្រហាររហូតដល់ ៨០ គ្រឿង នៅក្នុងឆ្នាំ ២០៤៥ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Esper កាលពីថ្ងៃអង្គារថា “ យោងតាមសំណើរបស់យើង កងកំលាំងប្រយុទ្ធ ៤៥ នឹងមានចរិត៖ ទីមួយគឺកម្លាំងនាវាមុជទឹកធំជាង និងមានសមត្ថភាពជាងនេះ” ។
ការសិក្សា បានឈានដល់ការព្រមព្រៀងយ៉ាងច្បាស់ ស្តីពីតំរូវការ ក្នុងការបង្កើននាវាមុជទឹកវាយប្រហារ ក្នុងជម្លោះអំណាចដ៏ធំមួយ នាពេលអនាគតដល់ចន្លោះពី ៧០ ទៅ ៨០ គ្រឿង នៅក្នុងកងនាវា។
លោក Esper បន្ថែមថា យ៉ាងហោចណាស់ កងទ័ពជើងទឹកអាមេរិក គួរតែចាប់ផ្តើម សាងសង់នាវាមុជទឹកថ្មី Virginia-class ឱ្យបានលឿន គឺចំនួន ៣ គ្រឿង ក្នុងរយៈពេលមួយឆ្នាំ។
លោក Esper បាននិយាយថា សំណើនេះ មានគោលបំណង ឱ្យមាននាវាដឹកមនុស្ស និងគ្មានមនុស្សបើក ចំនួនជាង ៥០០ គ្រឿង នៅក្នុងកងនាវាចរអាមេរិក នៅឆ្នាំ ២០៤៥ ក្នុងនោះ មានទាំងនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរពី ៨ ទៅ ១១ គ្រឿង និងនាវាដឹកយន្តហោះធុនស្រាល ចំនួន ៦ គ្រឿង ដើម្បីរក្សាវត្តមានជាសកល ក្នុងជម្លោះជាមួយមហាអំណាច។
រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ ក៏បានបញ្ជាក់ទៀតថា ផែនការនេះ ក៏ស្នើឱ្យមាននាវាប្រយុទ្ធតូចៗពី ៦០ ទៅ ៧០ គ្រឿង នៅឆ្នាំ ២០៤៥ ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា