បរទេស៖ មេបញ្ជាការកងទ័ពថ្មី គឺឧត្តមសេនីយ៍ Narongphan Jitkaewtae មាននិយាយថា ឱកាសនៃការធ្វើរដ្ឋប្រហារគឺសូន្យ លុះត្រាតែមានស្ថានភាព កាន់តែយ៉ាប់យ៉ឺន ហើយលោកក៏បានជំរុញ ឱ្យប្រជាជនទប់ស្កាត់ផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Narongphan Jitkaewtae ដែលបានចូលកាន់មុខតំណែង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើសន្និសិទកាសែត លើកដំបូងរបស់លោក នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការប្រជុំ របស់កងកម្លាំងប្រដាប់អាវុធ និងមេប៉ូលិស នៅទីបញ្ជាការកងទ័ពនៅថ្ងៃមុន។
នៅពេលសួរថាតើ លោកអាចធានាថា នឹងមិនមានការធ្វើរដ្ឋប្រហារទេ ក្នុងអំឡុងពេលកាន់អំណាច ៣ ឆ្នាំរបស់លោក ដែលបញ្ចប់នៅឆ្នាំ ២០២៣ នោះ? ប៉ុន្តែលោកបានបដិសេធ មិនឆ្លើយតបដោយផ្ទាល់ទេ។
លោកបាននិយាយថា “មេបញ្ជាការកងទ័ពទាំងអស់ ត្រូវបានគេសួរសំណួរនេះ ហើយលោកបាននិយាយ ដោយមិនប្រែប្រួលថា ឱកាសគឺសូន្យ នៅលើលក្ខខណ្ឌ ដែលគ្មាននរណាម្នាក់បង្កជម្លោះ ដែលនាំឱ្យមានអំពើហិង្សា និងចលាចល” ៕ ប្រែសម្រួលៈ ណៃ តុលា