បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះ បានបាញ់តេស្តសាកល្បង បានយ៉ាងជោគជ័យ នូវមីស៊ីលមានល្បឿនលឿនជាងសម្លេង ដោយវាយប្រហារចំគោលដៅ ស្ថិតក្នុងចម្ងាយ៣០០ម៉ាយ ក្រោយហោះក្នុងល្បឿន ៦.១០០ម៉ាយក្នុងមួយម៉ោង។
យោងតាមសេចក្តីរាយការណ៍ សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងអគ្គសេនាធិការ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov ដែលត្រូវបានសរសេរ លើគេហទំព័រផ្លូវការប្រធានាធិបតី។
លោក Valery Gerasimov បាននិយាយដូច្នេះថា “នៅម៉ោង៧និង១៥នាទីព្រឹកម្សិលមិញ នាវាចម្បាំង Admiral Gorshkov បានធ្វើដំណើរនៅសមុទ្រស និងបានបាញ់មីស៊ីល លឿនជាងសម្លេង Tsirkon ទៅលើគោលដៅនៅសមុទ្រមួយ ក្នុងសមុទ្រ Barents សម្រាប់ជាលើកដំបូង។ មីស៊ីលបានវាយប្រហារ កម្ទេចគោលដៅចំៗ”៕ ប្រែសម្រួល៖ប៉ាង កុង