សេដ្ឋកិច្ច​

អាគារ​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ ​លើកដំបូង ​នៅ​ក្រុង​កំពត​ ចាប់ផ្តើម​សាងសង់​ហើយ

កំ​ពតៈ គំរោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំដាប់​អន្តរជាតិ​កំពស់​កម្ពស់៤២ជាន់ ក្រោម​ទុនវិនិយោគ​ប្រមាណ ៩៥លាន​ដុល្លារ បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ ដែល​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​រួមចំណែក​លើក​កំពស់​ការអភិវឌ្ឍ​ក្នុង​ក្រុង​នេះ​កាន់​តែមាន​សក្តានុពល​ថែមទៀត។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង នៃ​ប្រភព​អចលនទ្រព្យ​ក្នុងស្រុក ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច លូតលាស់​លឿន ដែល​វិស័យ​ឧស្សាហកម្ម សំណង់ និង​សេវាកម្ម នៅតែ​ជា​កម្លាំងចលករ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង នាពេលនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ សំណង់​អគារ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង និង​ខ្ពស់​ជាងគេ​នៅ​ខេត្តកំពត ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្តកំពត ហើយ​សម្រាប់​បំពេញតម្រូវការ​របស់​វិនិយោគិន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តកំពត” ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អនុវត្ត​នូវ​កម្មវិធី យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី៦ នៃ​រដ្ឋសភា ដើម្បី​ជា​គន្លឹះ​ត្រីវិស័យ​ក្នុងការ ទ្រទ្រង់​និង​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ ក៏បាន​ចាត់ទុក​អាគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ក្រុង​កំពត​ដែល​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង សាងសង់​ពេលនេះ គឺ​ពិតជា​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ ទេសចរណ៍ នៅ​ខេត្តកំពត ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ ជួរ​ភ្នំ និង​មាន​សក្ដានុពល ទេសចរណ៍ បែប​ធម្មជាតិ ព្រមទាំង​ជា​តំបន់​ដែលមាន​សក្ដានុពលភាព ក្នុងការ​បង្កើតជា​តំបន់​វិស្សមកាល ហើយ​ស្របទៅនឹង​ប្លង់​មេ ដែល​ខេត្តកំពត​បានអនុម័ត​គម្រោង​ខាងលើ គឺជា​ការតភ្ជាប់​សំខាន់​ដែល​ក្រុមហ៊ុន​នេះ មាន​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅក្នុង​រោងចក្រ​ស៊ីម៉ង់ត៍ នៅ​ភ្នំ​ល្អាង​ដែល​នឹងត្រូវ​រៀបចំ​ការសម្ពោធ នៅពេល​ខាងមុខ​នេះហើយ។

ការដ្ឋាន​សាងសង់​អគារ ថៃ ប៊ុន​រ៉ុង​កំពត បៀ​ល​ឌី​ង មាន​ទីតាំង​ស្ថិតនៅ​គល់ស្ពាន​ចាស់​ក្នុងភូមិ១ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។

គម្រោង​អាគារ​ពាណិជ្ជកម្ម​មួយ​នេះ គឺជា​គម្រោង​សាងសង់​អគារ​ពហុ​មុខងារ មាន​ផ្ទៃ​សំណង់​សរុប១៣៨,៤៥០.៤៤ម៉ែត្រក្រឡា សង់​នៅលើ​ដី​ឡូ​តិ៍​ទំហំ៧,១២៥ ម៉ែត្រក្រឡា មាន​កម្ពស់៤២ជាន់ ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់ វិនិយោគ​សរុប​ដោយ​ពុំ​គិតពី​តម្លៃ​ដី​មាន​ចំនួន​ប្រមាណ៩៥លាន​ដុល្លារ និង​ប្រើ​រយៈពេល​សាងសង់​ប្រមាណ៣ឆ្នាំកន្លះ ហើយ​គម្រោង​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែមេសា ឆ្នាំ២០២៣ ៕ប្រភព៖propertyarea

Most Popular

To Top