បរទេស៖នៅថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីក្រសួងចារកម្មអីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងជំទាស់ការលក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ឲ្យទៅប្រទេសកាតា ដោយបានលើកឡើងពីភាពចំបាច់ចំពោះការរក្សាឧត្តមភាពយោធាអ៊ីស្រាអែល នៅក្នុងតំបន់។
រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែល លោក Eli Cohen បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ តាមវិទ្យុទាហានអ៊ីស្រាអែល នៅពេលត្រូវគេសួរអំពីសេចក្តីរាយការណ៍ព័ត៌មានមួយ ដែលថា ប្រទេសកាតា បានដាក់សំណើផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន សុំទិញយន្តហោះចម្បាំងបំបាំងកាយ F-35។
គួរបញ្ជាក់ថា សំណើរបស់ប្រទេសកាតានោះ គឺត្រូវបានធ្វើឡើងក្រោយកិច្ចព្រមព្រៀងខែសីហា រវាងសហរដ្ឋអាមេរិកនិងសហភាពអារ៉ាប់រួម ដោយទីក្រុងវ៉ាស៊ីនតោនយល់ព្រមពិចារណាផ្តល់ការអនុម័តយល់ព្រមឲ្យប្រទេសតំបន់ឈូងសមុទ្រនោះ ទិញយន្តហោះចម្បាំង F-35៕ប្រែសម្រួល៖ប៉ាង កុង