សេដ្ឋកិច្ច​

អ្នកជំនាញ ៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងក្លាយទៅជាបណ្តុំ រោងចក្រសហគ្រាស

ភ្នំពេញ ៖ មន្ត្រីនៃរាជរដ្ឋាភិបាល បានអះអាងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នឹងក្លាយទៅជាទីតាំង ទទួលការសាងសង់គម្រោង វិនិយោគលើរោងចក្រសហគ្រាស ស្របតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពញ ដែលបាននឹងកំពុងជំរុញ ឱ្យរោងចក្រសហគ្រាសប្តូរទីតាំង ចេញពីទីក្រុងភ្នំពេញ។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញនគរូបនីយកម្ម របស់រាជរដ្ឋាភិបាល បានអោយដឹងថា រដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានចំណែកធំឆ្លង កាត់ខេត្តកណ្តាល ហើយក៏ជាគម្រោងអាទិភាពមួយ ដ៏សំខាន់ក្នុងរំដោះចរាចរណ៍ផ្លូវវាងក្រុង។

លោកបន្តថា ផ្លូវក្រវាត់ក្រុងទី៣នេះ ក៏នឹងជួយផ្ទេរមុខងារ ឱ្យមានការសាងសង់រោងចក្រសហគ្រាសនានា នៅក្នុងទីក្រុង ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យរោងចក្រ ទាំងនោះផ្លាស់ប្ដូរទីតាំង ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងនេះ ដើម្បីងបង្កមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ។

លោកបន្ថែមថា “យើងឃើញថា អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ មិនឱ្យមានរោងចក្រសហគ្រាស នៅក្នុងទីក្រុងបន្តទៀត ព្រោះថាវាបង្កឱ្យមានការកកស្ទះ អ៊ីចឹងហើយការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ វាមានភាពចាំបាច់ខ្លាំង ដែលរាជរដ្ឋាភិបាលស្វែងរកញ្ចប់ថវិកាពីដៃគូអភិវឌ្ឍន៍ យកមកអភិវឌ្ឍគម្រោងនេះ”។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីកន្លងមកនេះ បានចេញសេចក្តីជូនដំណឹងស្តីពីផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ពីតំបន់ទីប្រជុំជនទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្ម របស់ខ្លួនឱ្យទៅស្ថិតនៅ តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បានកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបន្តថា ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធ្ងន់ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចរាចរណ៍ ចូលរាជធានីភ្នំពេញទៀតឡើយ៕
ដោយ៖propertyarea

Most Popular

To Top