សេដ្ឋកិច្ច​

អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹងមាន​ភាព​កាន់តែ​ល្អប្រសើរឡើង​នៅ​ឆ្នាំ២០២១ខាងមុខនេះ

ភ្នំពេញៈ ឥទ្ធិពល​នៃ​វិបត្តិ Covid-19 បានធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​សកល បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាង​ខ្លាំ ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ហាក់​មាន​ភាព​ធូរស្រាល​ជាង​បណ្តា​ប្រទេស​ដទៃ ហើយ​នៅ​ឆ្នាំ២០២១ខាងមុខនេះ អាច​នឹងមាន​ភាព​កាន់តែ​ល្អប្រសើរ​ជាង​នេះ​បន្ថែមទៀត ខណៈដែល​សកម្មភាព​ទិញ​លក់ និង​អភិវឌ្ឍ​ក្នុងស្រុក​នៅតែ​បន្ត​មាន​យ៉ាង​មមាញឹក។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានបង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា សម្រាប់​ការយល់ឃើញ​របស់លោក នៅក្នុង​ឆ្នាំ ២០២១ វា​ហាក់ដូចជា មាន​ភាពស្រពេចស្រពិល​នៅឡើយ សម្រាប់ធ្វើ​ការព្យាករណ៍ ដោយសារតែ​វ៉ាក់សាំង​មិនទាន់​ប្រាកដប្រជា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​សកម្មភាព ជាពិសេស​អតិថិជន​ក្នុងស្រុក​នៅតែ​បន្ត​ទិញ-លក់ ប៉ុន្តែ​អាច​នឹងមិន​កម្រើក​ច្រើន​នោះទេ។

លោក​បាន​ថ្លែងថា “ធនាគារ​មួយចំនួន​នៅតែ​បន្ត​គាំទ្រ​ផ្តល់​កម្ចី ដល់​វិស័យ​អចលនទ្រព្យ ដែល​វា​ជា​រឿង​ល្អ និង​អនុញ្ញាតឱ្យ​វិស័យនេះ​នៅតែមាន​ដង្ហើម បើទោះជា​កម្ពុជា​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ” ។ លោក​បន្តថា “ដើម្បីឱ្យ​កិច្ចការងារ​លើ​វិស័យ​អចលនទ្រព្យ​ដំណើរការ តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល វិស័យ​ធនាគារ និង​តម្រូវការ​ក្នុងស្រុក គឺជា​កត្តា​សំខាន់​ជួយ​ជម្រុញ ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​នាពេល​អនាគត” ។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បានបង្ហាញ​ពី​ការព្យាករណ៍​មកកាន់​គេហទំព័រ Property Area Asia ជាមួយនឹង​ក្ដី​រំពឹងថា វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២១ អាច​នឹងមាន​សន្ទុះ​ជាង​ឆ្នាំ២០២០នេះ។

លោក​បាន​បញ្ជាក់ថា “ប្រសិនបើ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​ជា​ស្ថាពរ និង​លុបបំបាត់​ការ​រាត់​ត្បា​ត​ជា​សកល​បាន ខ្ញុំ​ជឿជាក់ថា តាមរយៈ​រាជរដ្ឋាភិបាល អាច​នឹង​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅ​ស្រុក ឱ្យ​ចូលមកក្នុង​ប្រទេស​កម្ពុជា​បាន​ច្រើនជាង​នេះ” ។ លោក​បន្តថា “វិស័យ​អចលនទ្រព្យ​នឹង​កាន់តែ​ក្តៅគគុក​ល្អ​ជាង​នេះ។ ខ្ញុំ​ជឿជាក់១០០ភាគរយ​ថា នៅពេល​វិនិយោគិន​ចិន និង​បណ្តា​ប្រទេសផ្សេងៗទៀត​ចូលមក​ទីផ្សារ​កម្ពុជា​សាជាថ្មី ចលនា​នៃ​ការទិញ-លក់​អចលនទ្រព្យ​នឹង​កក្រើក​ឡើងវិញ” ។

ដោយឡែក នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហួរ បាន​លើកឡើងថា សម្រាប់​វិស័យ​អចលនទ្រព្យ​ឆ្នាំ២០២១ បើសិនជា​ជំងឺ​រាតត្បាត​ផុតរលត់ អ្វីៗវា​នឹង​ងើប​មក​ប្រសើរ​ឡើងវិញ តែ​បើសិនជា​វា​នៅមាន​ចំហាយ ហើយ​អូសបន្លាយ​ទៀត ស្ថានភាព​នឹងមិន​ខុសគ្នា​ពី​ឆ្នាំ២០២០នេះឡើយ។

លោកស្រី​បញ្ជាក់ថា “បើ​វា​មិន​ផុត​ទៅ​ទេ នោះ​ស្ថានភាព​នឹង​កាន់តែ​ពិបាក​ខ្លាំង តែ​យ៉ាងណា​មិន​ធ្ងន់ធ្ងរ និង​ប៉ះពាល់​គ្រប់មុខ​ដូច​សង្គ្រាមលោក​នោះទេ តែបើ​ជំងឺ​នេះ​វា​ជា​ហើយ គ្រប់យ៉ាង​នឹង​ត្រឡប់​មករក​សភា​ពធ​ម្ម​តា​ជាក់​ជាមិនខាន” ៕ប្រភព៖propertyarea

Most Popular

To Top