ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានទទូចដល់ប្រទេសជប៉ុន ឱ្យគោរពសេចក្តីថ្លែងការណ៍ និងការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងមុតមាំ ក្នុងការប្រឈមមុខ និងឆ្លុះបញ្ចាំងពីការឈ្លានពាន ពីអតីតកាលរបស់ខ្លួន និងដើម្បីទទួលបានការជឿទុកចិត្ត ពីប្រទេសជិតខាងអាស៊ី និងពិភពលោក ដោយចាត់វិធានការជាក់ស្តែង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានលើកឡើងថា“ សកម្មភាពអវិជ្ជមានរបស់ជប៉ុន ជាថ្មីម្តងទៀតបង្ហាញអាកប្បកិរិយាមិនត្រឹមត្រូវ ចំពោះប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន” ។
ការកត់សម្គាល់របស់លោក ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក Yoshihide Suga កាលពីថ្ងៃសៅរ៍បានបញ្ជូនតង្វាយ ធ្វើពិធីបូជាទៅកាន់ទីសក្ការៈបូជា Yasukuni និងសមាជិកសភាជប៉ុនមួយចំនួន បានទៅទស្សនាចេតិយនេះដោយផ្ទាល់ ។
ទីសក្ការៈបូជាយ៉ាស៊ូគូនី គឺជាឧបករណ៍ និងជានិមិត្តរូប នៃភាពយោធា និយមរបស់អតីតកាល របស់ជប៉ុន សម្រាប់ការធ្វើសង្គ្រាមឈ្លានពាន ហើយវាផ្តល់កិត្តិយសដល់ឧក្រិដ្ឋជនសង្គ្រាម ពីសង្គ្រាមលោកលើកទី២ ដែលទទួលខុសត្រូវដោយផ្ទាល់ ចំពោះការឈ្លានពាន កាលពីអតីតកាលរបស់ខ្លួន ៕
ដោយ ឈូក បូរ៉ា