កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងតាមតំបន់មួយចំនួន ក្នុងក្រុងកំពង់ចាម ។
តាមអភិបាលក្រុងកំពង់ចាម លោក ចាន់ ផល្លី បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យតំបន់មួយចំនួនស្ថិតនៅក្នុងសង្កាត់បឹងកុក បានរងនៅជំនន់ទឹកភ្លៀង បណ្ដាលឱ្យទឹកហូរកាត់ផ្លូវ ខូចខាតមួយចំនួន ។
លោកអភិបាលក្រុងឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋក្នុងភូមិបឹងកុក២ ចំនួន ៧៩៣ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋចំនួន ៣៥៥៨ នាក់ ។
លោកអភិបាលក្រុងបានបញ្ជាក់ផងដែរថា បន្ទាប់ពី លោកអភិបាលខេត្ត បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យភូមិសាស្ត្រដែលមានជំនន់ទឹកភ្លៀងនេះ លោកបានចេញវិធានការ ឱ្យមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រៀបចំគ្រឿងចក្រដើម្បីកាយដី នៅចំណុចមួយចំនួន ដែលបង្កឲ្យស្ទះទឹកភ្លៀង នឹងត្រូវរៀបចំប្រព័ន្ធលូមួយចំនួនទៀត ដើម្បីកុំឲ្យស្ទះទឹកហូរផងដែរ។