បរទេស៖ ប៉ូលីសទីក្រុង ហូជីមិញ កំពុងតែធ្វើការស៊ើបអង្កេត លើពាក្យបណ្តឹងរបស់ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានអះអាងថា នាងត្រូវបានបុរសម្នាក់ រំលោភនិងប្លន់ ដោយថា បុរសម្នាក់នោះ ជាអ្នករត់ម៉ូតូឌុប។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសខាងលើ មានអាយុ ២៩ ឆ្នាំ ដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាក្នុងទីក្រុង ហូជីមិញ ហើយមានបំណងសុំមិន បញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារបានកើតឡើងនៅម៉ោងជិត ៤ ព្រឹកថ្ងៃទី ១១ ខែតុលា។
ទីភ្នាក់ងារព័ត៌មានវៀតណាម Phap Luat TPHCM បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយស្រង់ប្រភពពីប៉ូលីសថា នាងបានអះអាងថា បុរសនោះស្លៀកឯកសណ្ឋាន GrabBike ។
ស្ត្រីរូបនេះបានកក់ការជិះ Grab ពីផ្លូវ Nguyen Hue ក្នុងសង្កាត់ទី ១ ដល់អាផាតមិននៅផ្លូវ Mai Chi Tho សង្កាត់លេខ ២ ។ មួយសន្ទុះក្រោយមកបុរសម្នាក់អាយុ ២២-៣០ ឆ្នាំនិងពាក់មួកសុវត្ថិភាព Grab បានមកដល់ដើម្បីមកយកនាង។ ខណៈពេលដែលគាត់មិន និយាយភាសាអង់គ្លេសនោះទេ គាត់ហាក់ដូចជាបញ្ជាក់ពី ការកក់របស់នារីអង់គ្លេស។
ស្រ្តីរូបនោះបន្តថា នៅពេលគាត់បើកម៉ូតូកាត់ វាលស្មៅដែលមានស្មៅខ្ពស់ គាត់ក៏ឈប់ម៉ូតូ។ ស្ត្រីនោះគិតថាមានបញ្ហាខ្លះជាមួយម៉ូតូ ដូច្នេះនាងព្យាយាមសួរថាមានរឿងអ្វីកើតឡើង ប៉ុន្តែបុរសនោះបានចាប់ រំលោភផ្លូវភេទទៅលើនាង។ នៅពេលនោះ នាងបានតស៊ូ ហើយអ្នករត់ម៉ូតូឌុបនោះបានវាយនាង ហើយចាប់ទូរស័ព្ទរបស់នាងដោយ មិនអើពើនឹងការអង្វររបស់នាងឡើយ។ បន្ទាប់មកនាងបានរត់គេចខ្លួន ហើយគាត់បានដេញតាម នាងប៉ុន្តែនាងបានរត់គេចខ្លួន។ ស្ត្រីរូបនោះបាននិយាយថា នាងមិនត្រូវបានរំលោភសម្រេចនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា