អាមេរិក ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការចំណាយកាន់តែច្រើន ទៅលើសេវាកម្មបរិស្ថាន ការអប់រំ និងសេវាកម្មសង្គម អាចជួយសង្គ្រោះជីវិតទារករាប់រយនាក់ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបង្កើនការចំណាយប្រហែល ៧០ សេនក្នុងមនុស្សម្នាក់លើផ្ទះសម្បែង និងសួនឧទ្យានអាចកាត់បន្ថយអត្រាមរណភាព ទារកពី ៥,៧២ ក្នុង ១០០០ កំណើតដល់ ៥,៦២ នាក់។ លើសពីនេះទៅទៀតការរៃអង្គាសប្រាក់នេះអាចកាត់បន្ថយ អត្រាមរណភាពក្នុងចំណោមអ្នក ដែលមានហានិភ័យខ្ពស់ដូចជាទារក កើតពីម្តាយវ័យជំទង់។
ការស្រាវជ្រាវពីមុនបានបង្ហាញថា ការចំណាយរបស់រដ្ឋាភិបាល ទៅលើសេវាកម្មមិនមែនសុខភាព អាចកាត់បន្ថយអត្រាមរណភាពរបស់ទារក។ ក្រុមការងារមក ពីសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យឌែរស៊ែលក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania មានប្រសាសន៍ថា របកគំហើញរបស់ខ្លួន គឺជាលើកដំបូងដើម្បីបង្ហាញថា តើការចំណាយប្រភេទណាអាចមានឥទ្ធិពលធំបំផុត ហើយតើក្រុមណា ដែលមានហានិភ័យខ្ពស់ជាងគេ។
បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺថា អត្រាមរណភាពទារកនៅអាមេរិក ចំណែកកុមារដែលបានស្លាប់មុន អាយុមួយឆ្នាំបានថយចុះ ២០ ភាគរយក្នុងរយៈពេល២ ទសវត្សចុងក្រោយនេះ។ នៅឆ្នាំ ២០០០ ទារក ៧,២ នាក់បានស្លាប់ក្នុង ១,០០០ កំណើតរស់ បើប្រៀបធៀបនឹងទារក ៥,៧ នាក់បានស្លាប់ក្នុង ១,០០០ កំណើតរស់នៅឆ្នាំ ២០១៨ ។
ទោះយ៉ាងណារបាយការណ៍ ជាច្រើនបានបង្ហាញថា សហរដ្ឋអាមេរិកមានវឌ្ឍនភាពយឺត ក្នុងការកាត់បន្ថយអត្រា ទាំងនេះបើប្រៀបធៀបទៅនឹង ប្រទេសដទៃទៀត ហើយលទ្ធផលនៃកំណើតមិនល្អ គឺច្រើនតែឃើញមាននៅក្នុងក្រុមជនជាតិ និងរដ្ឋជាក់លាក់ ៕ ដោយ៖លី ភីលីព