កីឡា

លោកហង់ជួន ណារ៉ុន ៖ គម្រោងចងក្រងសៀវភៅថ្មី ក្នុងគោលបំណងការងារកែលម្អ និងអភិវឌ្ឍន៍មុខវិជ្ជា អប់រំកាយបែបថ្មី

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបិទបញ្ចប់ គម្រោងចងក្រងសៀវភៅគ្រូ មុខវិជ្ជាអប់រំកាយ សម្រាប់មធ្យមសិក្សា បឋមភូមិ ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានប្រាប់ឲ្យដឹងថា សកម្មភាពសមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងចងក្រងសៀវភៅ គ្រូមុខវិជ្ជាអប់រំកាយ និងជំរុញសកម្មភាពអប់រំកាយ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិឆ្នាំ២០១៧-២០២០ ដោយអនុវត្តន៍តាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន បេះដូងមាសលើគម្រោង សកម្មភាពចងក្រងសៀវភៅ សម្រាប់គ្រូមុខវិជ្ជាអប់រំកាយ និងជំរុញសកម្មភាពអប់រំកាយ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ ដែលមានរយៈពេលអនុវត្តន៍៣ឆ្នាំ និង៩ខែ គឺចាប់ពីខែមករា ឆ្នាំ២០១៧ដល់ខែកញ្ញា ឆ្នាំ២០២០។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា គម្រោងចងក្រងសៀវភៅនេះ ជាកិច្ចសហការរវាងក្រសួងជាមួយអង្គការបេះដូងមាស ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ JICA ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ លើការងារកែលម្អ និងអភិវឌ្ឍន៍មុខវិជ្ជា អប់រំកាយបែបថ្មី នៅក្នុងគ្រឹះស្ថានសិក្សា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងនេះ បានបន្តជាបន្តបន្ទាប់ជាច្រើនដំណាក់កាលរហូតដល់លើកទី៥ កាលពីឆ្នាំ២០១៦ គឺជាគម្រោង ដែលឧបត្ថម្ភពីអង្គការ JICA មាន រយៈពេលអនុវត្តន៍រហូតដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានគោលដៅ ចងក្រងសៀវភៅគ្រូ មុខវិជ្ជាអប់រំកាយ កម្រិតមធ្យមសិក្សាបឋមភូមិ ៕ដោយ៖លី ភីលីព

Most Popular

To Top