អាមេរិក៖របាយការណ៍របស់State of Global Air ២០២០ បានរកឃើញថា ការបំពុលបរិយាកាសបាននាំឲ្យមានការស្លាប់ទារកទើប នឹងកើតជិតកន្លះលាននាក់នៅទូទាំងពិភពលោកកាលពីឆ្នាំមុននេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
វិទ្យាស្ថានសុខភាពអាមេរិកបានរកឃើញថា ការប៉ះពាល់រយៈពេល យូរទៅនឹងសារធាតុដែលមាននៅក្នុងអាកាសនាំឲ្យមានផលវិបាកពីការសម្រាលកូនមុន អាយុ និងទារកមានទម្ងន់ទាប។ ២/៣ នៃការស្លាប់របស់ទារកវ័យក្មេងលេចឡើងទាក់ទងនឹង ការប្រើប្រាស់ប្រេងឥន្ធនៈរឹងដូចជាអុសធ្យូងនិងលាមកសត្វសម្រាប់ចម្អិនអាហារ។
សរុបមកការបំពុលខ្យល់ក្នុងផ្ទះ និងក្រៅផ្ទះបានរួមចំណែក ដល់ការស្លាប់មនុស្សជាង ៦,៧ លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ តាមរយៈលក្ខខណ្ឌដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងសួត។ ក្រុមអ្នកជំនាញបាននិយាយថា នេះធ្វើឲ្យការបំពុលខ្យល់ជាបុព្វហេតុខ្ពស់បំផុតនៃការស្លាប់ក្នុងចំណោមហានិភ័យសុខភាព នៅពីក្រោយកត្តាដូចជារបបអាហារមិនល្អ និងការជក់បារី។
ការសិក្សាថា តំបន់ដែលមានការបំពុលច្រើនបំផុតរួមមាន អាស៊ីខាងត្បូង និងអាហ្វ្រិកបានឃើញការរីកចម្រើនតិចតួចក្នុងការបន្ថយកម្រិតភាគល្អិតក្នុងទសវត្សចុងក្រោយនេះ។ ក្រុមអ្នកជំនាញបានព្រមានថា តំបន់មានការបំពុលបរិយាកាសកម្រិតខ្ពស់ ក៏អាចរួមចំណែកដល់ភាពធ្ងន់ធ្ងរនៃករណី COVID-19 ក្នុងកំឡុងពេលមានការរីករាលដាល ទូទាំងពិភពលោកផងដែរ៕