បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានបញ្ជាក់ពីការបាញ់តេស្តសាកល្បងប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៊ី S-400 ហើយលោកបានបន្ថែមថា ការជំទាស់ប្រឆាំងរបស់អាមេរិក មិនបានធ្វើឲ្យលោកព្រួយបារម្ភនោះទេ។
យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រព័ន្ធ S-400 នោះ គឺត្រូវបានបាញ់តេស្តសាកល្បង នៅក្នុងខេត្ត Sinop ប្រទេសតួកគី ស្ថិតនៅសមុទ្រខ្មៅ ជាទីដែលតួកគីបានបញ្ជូនប្រព័ន្ធការពារនោះទៅ កាលពីដើមខែនេះ ជាមួយនឹងកូនដ្រូនផលិតដោយអង់គ្លេស Banshee សម្រាប់ប្រើជាគោលដៅវាយប្រហារ។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Bloomberg News បានរាយការណ៍ថា នៅក្នុងសុន្ទរកថាចេញផ្សាយតាមទូរទស្សន៍ពីទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាជាការពិតដែលការតេស្តសាកល្បនោះត្រូវបានធ្វើឡើង ហើយអ្វីដែលយើងថានឹងធ្វើនោះ គឺមិនមែនតែការតេស្តសមត្ថភាពទាំងនេះទេ តែជាក់ស្តែងយើងនឹងមិនសុំការអនុញ្ញាត ពីអាមេរិកនោះឡើយ”៕
ប្រែសម្រួល៖ប៉ាង កុង