បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នឹងមិនភ្លេចគុណបំណាច់នៃការលះបង់របស់ទាហានស្ម័គ្រចិត្ត សាធារណរដ្ឋប្រជាមានិតចិននោះទេ នៅក្នុងអំឡុងចូលរួមក្នុងពិធីមួយសម្រាប់កងទ័ពចិន ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានទៅផ្នូររបស់លោក Mao Anying ជាកូនប្រុសច្បងរបស់លោក ម៉ៅ សេទុង ដើម្បីបូជាបាច់ផ្កា។ ប្រទេសចិន បានប្រារព្ធពិធីរំឭកខួបលើកទី៧០នៃសង្គ្រាមប្រឆាំងការឈ្លានពានរបស់អាមេរិក និងជួយដល់កូរ៉េ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។
នៅក្នុងអំឡុងពិធីរំឭកខួបនោះ មេដឹកនាំកូរ៉េខាងជើង បានមានប្រសាសន៍ថា កូនប្រុសស្រីរបស់ប្រទេសចិន បានចូលរួមចំណែកក្នុងសង្គ្រាម ដើម្បីរំដោះមាតុភូមិកូរ៉េខាងជើង នេះបើតាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA និងសារព័ត៌មាន Rodong Sinmun៕
ប្រែសម្រួល៖ប៉ាង កុង