បរទេស៖សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាមួយ ដើម្បីចែករំលែកទិន្នន័យផ្កាយរណបនិងផែនទី ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានអំពីការគម្រាមកំហែងបង្កដោយចិន ដែលគឃ្លើនខ្លាំងឡើង។
ក្រោយជួបពិភាក្សាគ្នាជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេស និងលោក Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌានោះ លោក Mike Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “រឿងដ៏ធំកំពុងតែកើតមានឡើង ស្របពេលដែលលទ្ធិប្រជាធិបតេយ្យរបស់យើង តម្រង់ជួរគ្នាការពារកាន់តែប្រសើរឡើង នូវពលរដ្ឋរបស់ប្រទេសយើងទាំងពីរ និងពិភពលោកសេរី”។
គួរបញ្ជាក់ថា កិច្ចពិភាក្សាយុទ្ធសាស្ត្រប្រចាំឆ្នាំរវាងឥណ្ឌានិងសហរដ្ឋអាមេរិក គឺត្រូវបានធ្វើឡើង ស្របពេលដែលមានភាពតានតឹងកើនកម្តៅខ្លាំងឡើងនៅក្នុងតំបន់ ដោយកងទ័ពឥណ្ឌាប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងចិន នៅតាមព្រំដែនមានជម្លោះនៅជួរភ្នំហិមាល័យ៕ ប្រែសម្រួល៖ប៉ាង កុង