ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ ស្មោះស្ម័គ្រនឹងរាជានិយម សន្យាជាមួយទូតអាល្លឺម៉ង់ថា នឹងចាកចេញ មុនពេលក្រុមប្រឆាំង រដ្ឋាភិបាលមកដល់

បរទេស៖ ក្រុមបាតុករដែលជាអ្នកការពាររាជានិយម បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអាល្លឺម៉ង់ក្នុងទីក្រុងបាងកក នៅថ្ងៃច័ន្ទ មុនការប្រមូលផ្តុំដ៏ធំមួយរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន BangkokPost ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមប្រជាជនស្លៀកពាក់ពណ៌លឿងនៅខាងក្រៅស្ថានទូតនៅលើផ្លូវ សាថន។ ពួកគេបានស្រែកថា “ជ័យយោ ព្រះមហាក្សត្រ” ហើយកាន់បដាដែលមានសារគាំទ្ររាជានិយម។ ពួកគេក៏បានដាក់លិខិតទៅមន្រ្តីពីស្ថានទូតផងដែរ។

លោក Nititorn Lumlua មេធាវីដែលបានអំពាវនាវឱ្យប្រជាជនប្រមូលផ្តុំនៅស្ថានទូតបាននិយាយថា ពួកគេសង្ឃឹមថាអាជ្ញាធរអាល្លឺម៉ង់នឹងទទួលបានព័ត៌មានត្រឹមត្រូវអំពីស្ថានភាពនយោបាយនៅប្រទេសថៃ។ លោកបានសន្យាថា ក្រុមរាជានិយមនឹងចាកចេញមុនពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមកដល់។

សូមជម្រាបថា ចំពោះចលនាប្រឆាំងរដ្ឋាភិបាល គឺបានកំណត់ចំណុចប្រសព្វ Samyan ជាចំណុចប្រមូលផ្តុំរបស់ពួកគេដើម្បីចាប់ផ្តើមដង្ហែក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់។ ពួកគេមានបំណងបង្ហាញស្ថានទូតនូវញត្តិស្នើសុំអាជ្ញាធរអាល្លឺម៉ង់ពិនិត្យមើលថាតើព្រះមហាក្សត្របានរំលោភអធិបតេយ្យភាពអាល្លឺម៉ង់ដោយប្រើអំណាចរបស់ព្រះអង្គនៅលើទឹកដីអាល្លឺម៉ង់ដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top