ចិន ៖ អត្រាកំណើនប្រាក់ ចំណូលប្រចាំឆ្នាំ របស់ក្រុមហ៊ុន Huawei Technologies នៅត្រីមាសទី ៣ បានថយចុះ ខណៈរដ្ឋាភិបាល សហរដ្ឋអាមេរិកបានចាត់វិធានការ រឹតបន្តឹងលើក្រុមហ៊ុន ដែលធ្វើឲ្យខ្សែចង្វាក់ផ្គត់ផ្គង់ របស់ខ្លួនធ្លាក់ចុះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន នៅតែអាចបង្កើតប្រាក់ចំណូល បានចំនួន ៦៧១,៣ ពាន់លានយ័ន (១០០,៦ ពាន់លានដុល្លារ)សម្រាប់រយៈពេល ៩ ខែដំបូង នៃឆ្នាំនេះដែលជាកំណើន ៩,៩ ភាគរយក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ក្រុមអ្នកវិភាគ បាននិយាយថា ឆ្លុះបញ្ចាំងពីភាពធន់ និងសមត្ថភាពបច្ចេកវិទ្យា របស់ក្រុមហ៊ុនចំពេលមានភាព ខ្លាំងក្លានៃសម្ពាធ ។
ក្រុមហ៊ុន Huawei មិនបានប្រកាសលទ្ធផល សម្រាប់ត្រីមាសទី ៣ នោះទេ ប៉ុន្តែការគណនាផ្អែកលើទិន្នន័យប្រចាំត្រីមាស មុនរបស់ខ្លួនបានបង្ហាញថា ប្រាក់ចំណូល សម្រាប់រយៈពេលនេះ បានកើនឡើង ៣,៧ ភាគរយដែលបង្ហាញពីការធ្លាក់ចុះ នៃកំណើនពីត្រីមាសទី ២ នៅពេលដែលប្រាក់ចំណូល កើនឡើងប្រហែល ២៣ ភាគរយ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលពិភពលោក កំពុងគ្របដណ្តប់ដោយមេរោគ COVID-19 ខ្សែសង្វាក់ផ្គត់ផ្គង់ សកល របស់ក្រុមហ៊ុន Huawei កំពុងរងសម្ពាធយ៉ាងខ្លាំង ហើយផលិតកម្ម និងប្រតិបត្តិការ របស់ខ្លួនប្រឈម នឹងបញ្ហាគួរឲ្យកត់សម្គាល់ឆ្ពោះទៅមុខ និងបំពេញកាតព្វកិច្ច របស់ខ្លួន ចំពោះអតិថិជន និងអ្នកផ្គត់ផ្គង់។
ក្រុមហ៊ុន Huawei បាននិយាយថា ប្រាក់ចំណេញសុទ្ធ របស់ខ្លួនក្នុងអំឡុងពេលនេះគឺ ៨ ភាគរយ ហើយលទ្ធផលអាជីវកម្មរបស់ខ្លួន បានឆ្លើយតបតាមការរំពឹងទុក ប៉ុន្តែវាមិនបានបំបែកតួលេខលម្អិត សម្រាប់ក្រុមអាជីវកម្មបុគ្គល របស់ខ្លួនដូចដែលក្រុមហ៊ុន បានធ្វើសម្រាប់ត្រីមាសកន្លងមក៕ដោយ៖លី ភីលីព