បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញថា ខ្លួនទើបបានរឹបអូស យកគ្រាប់មីស៊ីលអ៊ីរ៉ង់ ដែលដឹកបញ្ជូន ទៅប្រទេសយេម៉ែន និងបានលក់ប្រេងអ៊ីរ៉ង់ ដែលខ្លួនរឹបអូសយកពីមុន ចំនួន១,១លានបារ៉ែល ហើយនេះ គឺជាសកម្មភាពដ៏ថ្មីបំផុត របស់រដ្ឋបាលលោក ត្រាំ ក្នុងការបង្កើនសម្ពាធ លើទីក្រុងតេអេរ៉ង់ នៅមុនការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។
ទន្ទឹមនឹងការរឹបអូស មីស៊ីលអ៊ីរ៉ង់នេះផងដែរ ក្រសួងរតនាគារ និងក្រសួងការបរទេស សហរដ្ឋអាមេរិក ក៏បានរួមគ្នាដាក់ទណ្ឌកម្មនានា លើអង្គភាពនិងបុគ្គលផ្សេងៗគ្នាចំនួន១១ ពីបទពួកគេពាក់ព័ន្ធ ក្នុងការទិញនិងលក់សារធាតុគីមី ប្រេងរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា ចំណាត់ការដ៏ថ្មីបំផុត របស់សហរដ្ឋអាមេរិក ប្រឆាំងប្រទេសអ៊ីរ៉ង់នេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេល ដែលមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក នៅដើមខែនេះ បានចោទថា ក្រុមហ៊ែកឃើអ៊ីរ៉ង់ បានស្វះស្វែងគម្រាមកំហែង ដល់ម្ចាស់សន្លឹងឆ្នោតអាមេរិកមួយចំនួន តាមរយៈផ្ញើឲ្យពួកគេ នូវ៊អ៊ីម៉ែលដែលបង្កើតឡើង ធ្វើហាក់ដូចជាអ៊ីម៉ែលទាំងនោះ គឺមកពីក្រុមគាំទ្រលោក ត្រាំ ឈ្មោះ Proud Boys៕ ប្រែសម្រួល៖ប៉ាង កុង