បច្ចេកវិទ្យា

ប្រភពពីរដ្ឋាភិបាលឥណ្ឌា៖ តម្លៃ ៣ពាន់លានដុល្លារ របស់យន្តហោះគ្មានមនុស្សបើកទំនើបបំផុត Predator-B ជាមូលហេតុដែលឥណ្ឌា ដកជើងថយក្រោយវិញ

បរទេស៖ ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BECA ជាមូលដ្ឋានទីបួន និងចុងក្រោយ នៅសប្តាហ៍នេះ ដែលយោងទៅតាមរដ្ឋបាល Trump គឺចាំបាច់ក្នុងការផ្ទេរបច្ចេកវិទ្យានិងវេទិកាជាន់ខ្ពស់រួមទាំងយន្តហោះគ្មានមនុស្សបើក។ រដ្ឋបាលរបស់លោក ត្រាំ ក៏បានធ្វើវិសោធនកម្មច្បាប់ដែលរឹតត្បិតការលក់យន្តហោះដ្រូនគ្មានមនុស្សបើកថ្នាក់យោធាដល់ដៃគូបរទេសដូចជាឥណ្ឌាផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានទប់ទល់នឹងសម្ពាធរបស់អាមេរិកចំពោះការទិញយន្តហោះគ្មានមនុស្សបើក Predator-B ដែលមានលក្ខណៈទំនើបបំផុត ឬហៅថា MQ-9 Reaper ក្នុងកំឡុងពេលនៃកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានប្រារព្ធនាពេលថ្មីៗនេះនៅទីក្រុងញូវដែលី។

យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធមានសមត្ថភាពអាចបំពាក់មីស៊ីល Hell-Fire ចំនួន ៤ គ្រាប់ និងគ្រាប់បែកឡាស៊ែរទម្ងន់ ៥០០ ផោនចំនួន ២ គ្រាប់។

ប្រភពពីមន្រ្តីរដ្ឋាភិបាលដែលមានឋានៈខ្ពស់នៅក្នុងទីក្រុងញូវដែលី បានប្រាប់ដល់សារព័ត៌មាន Sputnik ថា ហេតុផលជាច្រើនត្រូវបានគេបញ្ជូនទៅរដ្ឋមន្រ្តីក្នុងពេលទស្សនកិច្ច ចំពោះការមិនធ្វើការសំរេចចិត្ត “ដោយប្រញាប់” ចំពោះសំណើដែលរដ្ឋបាល ត្រាំ បានធ្វើក្នុងឆ្នាំ ២០១៧ ។

ប្រភពនោះ បានបន្តថា «កិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល ៣ ពាន់លានដុល្លារ ដែលនេះជា “ ឧបសគ្គហិរញ្ញវត្ថុគឺជាហេតុផលដ៏សំខាន់មួយនៅពីក្រោយការសម្រេចចិត្តនេះ ។ ក្រៅពីនេះយើងនៅតែវាយតម្លៃពីគុណប្រយោជន៍ដែលកម្លាំងប្រដាប់អាវុធរបស់យើងអាចទទួលបានពីយន្តហោះគ្មានមនុស្សបើកទាំងនេះ»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top