ព័ត៌មានអន្តរជាតិ

កងកម្លាំងកុម្មង់ដូអាមេរិក ជួយសង្គ្រោះចំណាប់ខ្មាំងអាមេរិក នៅនីហ្សេរីយ៉ា

បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កងកម្លាំងពិសេសសហរដ្ឋអាមេរិក ទើបបានជួយសង្គ្រោះពលរដ្ឋអាមេរិក ដែលត្រូវគេចាប់ជំរិតឃុំខ្លួនទុក នៅក្នុងប្រទេសនីហ្សេរីយ៉ាភាគខាងជើង។

មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា សាសនទូតជាជនជាតិអាមេរិក ឈ្មោះ Philip Walton វ័យ២៧ឆ្នាំ ត្រូវបានជួយសង្គ្រោះ ដោយក្រុម SEAL Team 6 ក្នុងប្រតិបត្តិការវាយឆ្មក់មួយ ដែលសម្លាប់ពួកអ្នកចាប់ជំរិតទាំងអស់ នៅសល់តែមួយ ហើយលោក Philip Walton បានមានសុវត្ថិភាពនិងកំពុង ស្ថិតក្នុងការយកចិត្តទុក របស់ក្រសួងការបរទេសអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Jonathan Hoffman ជាមន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ បានមានប្រសាសន៍ថា “កងកម្លាំងអាមេរិក បានធ្វើប្រតិបត្តិការសង្គោះចំណាប់ខ្មាំង នៅក្នុងអំឡុងពេលព្រឹកថ្ងៃទី៣១ ខែតុលា នៅប្រទេសនីហ្សេរីយ៉ាភាគខាងជើង ដើម្បីជួយដល់ពលរដ្ឋអាមេរិកមួយរូប ដែលត្រូវគេចាប់ជាចំណាប់ខ្មាំង ដោយក្រុមប្រដាប់អាវុធមួយក្រុម។ នៅក្នុងអំឡុងប្រតិបត្តិការនោះ គ្មានបុគ្គលិកយោធាអាមេរិកណាមួយ រងរបួសនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top