ព័ត៌មានអន្តរជាតិ

បាតុករម៉ិកស៊ិក ដុតរូបលោក ត្រំា និងរិះគន់គោល នយោបាយ ព្រំដែនអាមេរិក

បរទេស ៖ បាតុករនៅក្នុងប្រទេសម៉ិកស៊ិក បានដុតរូប របស់លោក ដូណាល់ ត្រាំ និងភ្នាក់ងារល្បាតព្រំដែន អាមេរិកមួយរូប នៅតាមព្រំដែនអាមេរិក កាលពីថ្ងៃសៅរ៍ ដោយថ្កោលទោស គោលនយោបាយអន្តោប្រវេសន៍ របស់លោកប្រធានាធិបតីអាមេរិករូបនេះ និងជំរុញជនជាតិអាមេរិក មិនឲ្យបោះឆ្នោតជូនលោក នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ។

សកម្មជនអន្តោប្រវេសន៍ជាច្រើននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែក្បួនទៅកាន់របងព្រំដែន ដែលខ័ណ្ឌចែកប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក នៅទីក្រុង Tijuana ព្រមជាមួយសម្រែកព្រមៗគ្នាថា “លោក ត្រាំ យើងនឹងមិនបង់ថ្លៃរបងរបស់លោក” ហើយបន្ទាប់មក បានដុតរូបតំណាងលោក ត្រាំ ចោល ។

លោក Hugo Castro ជាសកម្មជនអន្តោប្រវេសន៍ ម៉ិកស៊ិក-អាមេរិក បានមានប្រសាសន៍ដូច្នេះថា “យើងកំពុងតែអំពាវនាវ មិនឲ្យប្រជាជនបោះឆ្នោត ជូនលោក ត្រាំ និងគាំទ្រដល់ក្តីសង្ឃឹម ។ លោក ប៊ីដិន បានសន្យានឹងពួកយើង ថានឹងធ្វើកំណែទម្រង់អន្តោប្រវេសន៍មួយ ហើយក្នុងពេលបច្ចុប្បន្ននេះ យើងនឹងចាំមើលដើម្បីធានាថា ការសន្យានោះ ត្រូវបានរក្សា” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top