រថយន្ត Toyota Mirai ជំនាន់ថ្មី រំពឹងថា នឹងបង្ហាញវត្តមានជាផ្លូវការ នៅខែធ្នូខាងមុខនេះ ប៉ុន្តែមុខការប្រកាសចេញនេះនៅលើបណ្ដាញ YouTube គេសង្កេតឃើញមានវីដេអូ បង្ហាញលក្ខណៈសម្បត្តិរថយន្តប្រើ ឧស្ម័នអ៊ីដ្រូហ្សែននេះបាត់ទៅហើយ។
លក្ខណៈសម្បត្តិរថយន្ត Toyota Mirai ជំនាន់ថ្មីកាន់តែល្អប្រសើរជាងមុន ដោយពេលនេះធុងផ្ទុកអ៊ីដ្រូហ្សែនចំនួនបីរបស់វា អាចឲ្យរថយន្តបើកបរបានចម្ងាយ ៨៥០គីឡូម៉ែត្រ។ រយៈចម្ងាយបើកបរនេះគឺកើនឡើងប្រមាណ ៣០% បើធៀបនឹងរថយន្តជំនាន់មុន។
ក្រៅពីអាចបើកបរ បានចម្ងាយឆ្ងាយជាងមុន រថយន្តក៏មានថាមពលខ្លាំងក្លាជាងមុន ដោយម៉ូទ័រអគ្គិសនីរបស់វា អាចផលិតកម្លាំងបាន ១៨០សេះ ហើយអាចឲ្យរថយន្តបើកបរ បានដល់ល្បឿនអតិបរមា ១៧៥គ.ម/ម៉។
ចំពោះការឌីហ្សាញរបស់រថយន្ត Mirai ជំនាន់ថ្មី គឺមានលក្ខណៈ ស្រដៀងគ្នាខ្លាំងនឹងប្រភេទ Concept ដែលក្រុមហ៊ុនធ្លាប់បានបង្ហាញចេញ ទាំងរូបរាងខាងក្រៅ និងរូបរាងខាងក្នុង។ នៅខាងក្នុងមានប្រើប្រាស់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ មានប្រើកញ្ចក់ចំហៀងប្រភេទឌីជីថល, ដំបូលកញ្ចក់ Panoramic និងកៅអីអង្គុយជួរក្រោយ ដែលមើលទៅទូលាយជាងមុន៕ ប្រភព៖ sabay