ភ្នំពេញ៖ អ្នកប្រដាល់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ប្រើរយៈពេលត្រឹមតែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ជើងខ្លាំងបាង កានុន ក្លិបអាណាចក្រគុនខ្មែរឲ្យបាត់បង់ ឳកាសដើម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cell Card ។
គ្រាន់តែលឺស្នូរជួងក្នុងទឹកទី១បន្លឺឡើង អ្នកប្រដាល់ជើងខ្លាំងទាំង២ចាប់ផ្ដើមវាយប្រហារ លើគ្នាទៅវិញទៅមកតែម្ដង សង្កេតឃើញថាឡុង ខេត្តចាប់ផ្ដើមមានប្រៀបតាំងពីដើមទឹកទី១តែម្ដង ដោយសារអ្នកប្រដាល់រូបនេះ ទាត់បានយ៉ាងល្អធ្វើឲ្យបាង កានុនវង្វេង ហើយត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១។
ទោះបីយ៉ាងណាក៏កានុនអាចបន្តការប្រកួត បានទៀតបន្ទាប់ពីអាជ្ញាកណ្ដាលរាប់៨ចប់នោះ ឈានដល់ទឹកទី២កានុនចាប់ផ្ដើមវាយកែងក្នុងបំណងស្ដារពិន្ទុឡើងវិញ ប៉ុន្តែឡុង ខេត្ត បានប្រើកែងពិឃាតច្រាស់សងវិញបណ្ដាលឲ្យបាង កានុនដួលសន្លប់ក្រោកលែងរួចតែម្ដង ។
ដូច្នេះធ្វើឲ្យអ្នកប្រដាល់ជើងខ្លាំង បាង កានុនបាត់បង់ឳកាសលើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែការបរាជ័យនៅវគ្គជម្រុះជុំទី២នេះ រីឯឡុង ខេត្ត មខ្លួនឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
ដោយ៖លី ភីលីព