កីឡា

កម្ពុជាឈ្នះ៣ ចាញ់១ និងស្មើ១នៃការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺកម្ពុជាឈ្នះ៣ប្រកួត ខណៈថៃឈ្នះមួយប្រកួត និងស្មើមួយប្រកួត ដោយការប្រកួតមាន៥ប្រទេសចូលរួមគឺ កម្ពុជា ថៃ បារាំង អ៊ីរ៉ង់ និង អាល់ហ្ស៊េរី ។


លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអ្នកតំណាងទូរទស្សន៍ប៉ុស្តិ៍លេខ៥បានអញ្ជើញចូលរួមដោយផ្ទាល់។ ការប្រកួតនេះកើតឡើងដោយការសហការសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តកំពង់ស្ពឺ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ការប្រកួតដែលមានចំនួន៦គូនោះការប្រកួតមានតែ៣ទឹកប៉ុណ្ណោះសម្រាប់ការប្រកួតគូទី១ រវាងអ្នកប្រដាល់កម្ពុជាបាង កាយ៉ាក់សមាគមប្រដាល់ក្រសួងកសិកម្មនោះបានយក ឈ្នះអ្នកប្រដាល់អាល់ហ្ស៊េរីបាននៅមុនស្នូរជួងបញ្ចប់ទឹកទី៣ដោយប្រើជើងទាត់ចំកញ្ចឹង ។


អ្នកប្រដាល់កម្ពុជាចាន់ សំអាត ក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតចាញ់អ្នកប្រដាល់ថៃ Sat tranphup ដោយពិន្ទុដាច់។ នៅទឹកទី២អ្នកប្រដាល់ទាំង២រូបនេះត្រូវអាជ្ញាកណ្ដាលរាប់៨ដូចគ្នា បន្ទាប់ពីត្រូវទទួលការវាយប្រហារដោយសារកែងដូចគ្នានោះ លុះទឹកទី៣សំអាតត្រូវអាជ្ញាកណ្ដាលរាប់៨ដល់ទៅ២ដង ហើយចប់ទឹកទី៣ Sat tranphup បានទទួលជ័យជំនះដោយពិន្ទុដាច់ ។


ម៉ឺន សុភាសមាគមប្រដាល់ក្រសួងការពារជាតិប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់មកពីអ៊ីរ៉ង់ Abdul Lash បាននៅមុនស្នូរជួងបញ្ចប់ទឹកទី២។ វង្ស ណយក្លិបខេត្តប៉ៃលិនទោះបីប្រើកែងវាយឲ្យអ្នកប្រដាល់អ៊ីរ៉ង់ Amed Soleymony បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១ក៏ពិតមែនតែបន្ទាប់ពីប្រកួតចប់ទឹកទី៣លទ្ធផលបានត្រឹមតែស្មើគ្នាប៉ុណ្ណោះ ។


ចំណែក ព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ថៃ Chhan Chhai Kiethaworn ដោយពិន្ទុទាំងវេទនា ។ប្រសិនបើការប្រកួតនេះមាន៥ទឹកនោះសំណាងវេទនាមែនទែនតែការប្រកួតមានតែត្រឹម៣ទឹក ។ ទោះជាយ៉ាងណាក៏ព្រំ សំណាងដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺនោះគេបានទទួលជ័យជំនះនៅក្នុងទឹកដីរបស់ខ្លួន ។ រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួតឈ្នះអ្នកប្រដាល់បារាំង Abdel Karim Baennala ដោយពិន្ទុទាំងមិនសូវស្រួលខ្លួន ៕ដោយ៖លី ភីលីព

Most Popular

To Top