Joe Biden ជាអ្នកនយោបាយ ជើងចាស់អាមេរិកមួយរូប ត្រូវបានគេព្យាករណ៍ថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយរំពឹងថា នឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។ ការព្យាករណ៍នេះ ធ្វើឲ្យលោកក្លាយជាមេដឹកនាំ ដ៏ចាស់ជាងគេបំផុត របស់សហរដ្ឋអាមេរិក។
លោក Biden ជាសមាជិកគណបក្សប្រជាធិបតេយ្យ ដែលបានបម្រើការ នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកអស់រយៈពេល៣៦ឆ្នាំ និងជាប្រធានាធិបតីទី២ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី Barack Obama ត្រូវបានស្ថាប័ន សារព័ត៌មានទស្សន៍ទាយថា បានយកឈ្នះប្រធានាធិបតី កំពុងកាន់តំណែងខាងគណបក្សសាធារណរដ្ឋ លោក Donald Trump។
បុរសវ័យ៧៧ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយបានទទួលអង្គបោះឆ្នោត យ៉ាងតិចចំនួន ២៧០ នៃអង្គបោះឆ្នោតទាំងអស់ ៥៣៨។ យ៉ាងណាលទ្ធផលថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ហើយនឹងជាប់ការប្តឹងទៅតុលាការទៀត។
ប្រវត្តិសង្ខេប៖
ក្រោយពីបានទទួលបរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យរដ្ឋ Delaware និងមហាវិទ្យាល័យច្បាប់ Syracuse នៅក្នុងអាយុ២៩ឆ្នាំលោក Biden បានក្លាយទៅជា អ្នកតាក់តែងច្បាប់ក្មេងជាងគេ ដែលបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាស.រ.អា.។
ក៏ប៉ុន្តែ ក្នុងពេលតែប៉ុន្មានសប្តាហ៍ក្រោយ លោកបានជាប់ឆ្នោត លោកក៏មានសោកនាដកម្មផ្ទាល់ខ្លួន។ ភរិយាលោក Biden ឈ្មោះ Neilia និងកូនស្រីរបស់គូស្វាមីភរិយានេះឈ្មោះ Naomi បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅពេលទៅទិញឥវ៉ាន់ សម្រាប់បុណ្យ Christmas។ Biden បានពិចារណា អំពីការលាលែងចេញ ពីអាសនៈក្នុងព្រឹទ្ធសភា ដែលលោកបានឈ្នះឆ្នោតកាលពីពេលថ្មីៗនោះ ដើម្បីថែទាំកូនប្រុសពីរនាក់របស់លោក និងភរិយាលោក។ ក៏ប៉ុន្តែជាជាងធ្វើដូច្នេះ លោកបានចាប់ផ្តើម ធ្វើដំណើរតាមរទេះភ្លើង ចំនួន៩០នាទី រវាងរដ្ឋធានី Washington និងគេហដ្ឋានលោកក្នុងរដ្ឋ Delaware ជារៀងរាល់ថ្ងៃ ដែលជាទម្លាប់មួយ លោកបានធ្វើក្នុងរយៈពេល៦អាណត្តិរបស់លោក ក្នុងព្រឹទ្ធសភាស.រ.អា.ចំនួន៣៦ឆ្នាំ។
ប៉ុន្មានឆ្នាំ ក្រោយមរណភាពនៃភរិយា លោក លោក Biden បានជួប ហើយបន្ទាប់មកលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី Jill Jacobs Tracy ដែលជាគ្រូបង្រៀន ហើយគូស្វាមីភរិយានេះមានកូនស្រីម្នាក់កាលពីឆ្នាំ១៩៨១។
លោក Biden បានឈរឈ្មោះ សម្រាប់តំណែងប្រធានាធិបតី កាលពីឆ្នាំ១៩៨៧ និងឆ្នាំ២០០៧ ក៏ប៉ុន្តែលោកមិនបាន ទទួលការគាំទ្រច្រើន ពីពួកអ្នកបោះឆ្នោត ក្នុងពេលទាំងពីរនោះទេ។ ក្រោយពេលដែលលោក Biden បានដកថយពីការប្រកួតប្រជែង កាលពីឆ្នាំ២០០៧ ក្រោយមកលោក Barack Obama ដែលកាលនោះ ជាបេក្ខជនប្រធានាធិបតី បានសុំឱ្យលោក Biden ឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី។
បុរសទាំងពីរនាក់នេះ បានឈ្នះនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០០៨ ហើយបានជាប់ឆ្នោតជាថ្មីទៀតកាលពីឆ្នាំ២០១២។ លោក Biden បានបម្រើការជាអនុប្រធានាធិបតី របស់លោក Obama ចំនួន៨ឆ្នាំ៕
ប្រភព ៖ sabay