បរទេស ៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តកិច្ចព្រមព្រៀង លក់អាវុធចំនួន៣ឲ្យទៅសហភាពអារ៉ាប់រួម សរុបជាទឹកប្រាក់ ចំនួន២៣,៣៧ពាន់លានដុល្លារ ។
ទីភ្នាក់ងារ DSCA នេះ បានចេញសេចក្តីប្រកាស ចំនួន៣នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធកិច្ចព្រមព្រៀង ដែលស្នើឡើង គឺ១០,៤ពាន់លានដុល្លារ សម្រាប់យន្តហោះចម្បាំង F-35A ចំនួន៥០គ្រឿង ចំនួន១០ពាន់លានដុល្លារ សម្រាប់មីស៊ីល វាយប្រហារពីអាកាស ទៅអាកាសចម្ងាយមធ្យមទំនើប AIM-120C8 ចំនួន៨០០គ្រាប់ និង២,៩៧ពាន់លានដុល្លារ សម្រាប់យន្តហោះបញ្ជាពី ចម្ងាយបំពាក់អាវុធ MQ-9B ចំនួន១៨គ្រឿង ។
គួរបញ្ជាក់ថា កាលពីចុងខែតុលា សេតវិមានបានជូនដំណឹងក្រៅផ្លូវការ ដល់សភា ស្តីពីសំណើលក់យន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿង ក្នុងទំហំទឹកប្រាក់១០,៤ពាន់លានដុល្លារ ឲ្យដល់ប្រទេសសហភាពអារ៉ាប់រួម ដែលនឹងធ្វើឲ្យប្រទេសនេះក្លាយ ជាប្រទេសទីពីរ នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែល ដែលមានយន្តហោះចម្បាំងប្រភេទនេះ៕
ប្រែសម្រួល៖ប៉ាង កុង