បច្ចេកវិទ្យា

ទីបំផុត BMW ចេញ SUV អត់ប្រើសាំងដំបូងបង្អស់ សាកភ្លើង១០នាទី ជិះបាន១២០គ.ម៉

នៅទីបំផុត ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត SUV ដំណើរការដោយអគ្គិសនីដំបូងបង្អស់របស់ខ្លួនជាផ្លូវការ ដោយហៅថា iX សម្រាប់ស៊េរីឆ្នាំ២០២២។

BMW iX មានប្រវែង និងទទឹង ស្រដៀងទៅនឹង BMW X5 ប៉ុន្តែមានកម្ពស់ស្ទើរតែដូចម៉ូដែល X6 ហើយមានយ៉ាន់ធំៗដូចទៅនឹងម៉ូដែល X7។ លក្ខណៈពិសេសលើរថយន្តនេះមានដូចជា ប៉ាណាមុខដ៏ធំមានបង្កប់កាមេរ៉ា, រ៉ាដា និង សេនស័រជាច្រើន, ដៃទ្វាបង្កប់, កញ្ចក់ចំហៀងអត់មានស៊ុម និង ចង្កៀង LED រាងស្លីមជាដើម។

SUV អត់ប្រើសាំងនេះដំណើរការដោយបច្ចេកវិទ្យា BMW eDrive ជំនាន់ទី៥ ដោយក្នុងនោះមានម៉ូទ័រអគ្គិសនីចំនួន២ ដែលអាចបង្កើតកម្លាំងបានសរុប ៤៩៦សេះ។ BMW អះអាងថា iX អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៥វិនាទីឡើយ។

ជាមួយគ្នានេះដែរ ម៉ូទ័រអគ្គិសនីទាំងនោះត្រូវផ្តល់ថាមពលឲ្យដោយកញ្ចក់អាគុយអគ្គិសនី កម្លាំងជាង ១០០គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យរថយន្តអាចបើកបរបានចម្ងាយជាង ៦០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ចំពោះការសាកភ្លើងវិញ បច្ចេកវិទ្យាសាកភ្លើងថ្មីរបស់ iX អនុញ្ញាតឲ្យវាសាកដល់ ២០០គីឡូវ៉ាត់ ដែលមានន័យថាវាអាចសាកភ្លើងពី ១០ ទៅ ៨០ភាគរយ ប្រើពេលមិនដល់ ៤០នាទីប៉ុណ្ណោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាអាចសាកភ្លើង ១០នាទីបានចម្ងាយច្រើនជាង ១២០គីឡូម៉ែត្រ។

គួរឲ្យដឹងថា BMW នឹងចាប់ផ្តើមផលិតរថយន្ត iX នៅរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Dingolfing ប្រទេសអាល្លឺម៉ង់ ចាប់ពីត្រីមាសទី២ នៃឆ្នាំ២០២១ ហើយវានឹងមានលក់នៅសហរដ្ឋអាមេរិក នាដើមឆ្នាំ២០២២ ខាងមុខ៕
ដោយ ៖ sabay

Most Popular

To Top