ថ្ងៃទី១៤ខែវិច្ឆិកាកាលពីឆ្នាំ១៩៦៩ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀតនៃមនុស្សជាតិគឺយានអាវកាសអាប៉ូឡូ១២ ដែលជាបេសកកម្មលើកទីពីរដែលបញ្ជាដោយមនុស្សបានធ្វើដំណើរទៅដល់ផ្ទៃនៃព្រះច័ន្ទនេះក្រោយពេលដែលវាបានធ្វើដំណើរចាកចេញពីតំបន់Cape Canaveralរដ្ឋFloridaដោយក្នុងនោះមានអាវកាសយានិកដូចជាលោក Charles Conrad, Jr. Richard F.GordonនិងលោកAlan L. Bean។
អ្វីដែលគេបានសង្កេតឃើញនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះគឺវត្តមានរបស់លោកប្រធានាធិបតីRichard Nixonដែលបានចូលរួមទស្សនាផ្ទាល់ពីទីកន្លែងបង្ហោះយានអាវកាសហើយគាត់គឺជាប្រធានាធិបតីទីមួយដែលត្រូវបានគេជឿជាក់ថាបានចូលរួមក្នុងព្រឹត្តិការណ៍ការហោះហើរទៅកាន់ទីអាវកាសដែលមានការបញ្ជាដោយមនុស្ស។
ការធ្វើដំណើរទៅដល់ឋានព្រះច័ន្ទត្រូវបានធ្វើឡើងយ៉ាងជោគជ័យហើយនាថ្ងៃទី២៤ខែវិច្ឆិកាគឺរយៈពេល១០ថ្ងៃក្រោយការបង្ហោះយានអាវកាសអាប៉ូឡូ១២បានធ្វើដំណើរមកដល់ផែនដីវិញហើយការចុះចតរបស់វាត្រូវបានធ្លាក់នៅត្រង់ចំណុចប្រមាណជា៣ម៉ាលប៉ុណ្ណោះពីនាវាចម្បាំងដែលនៅរងចាំទទួលអាវកាសយានិកនោះគឺនាវាUSS Hornet៕
ប្រែសម្រួល:ស៊ុនលី