បរទេស៖ មន្ត្រីឥណ្ឌានិយាយថា ដោយស្វះស្វែងធ្វើការបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ដោយយោធា នៅតាមជួរភ្នំហិមាល័យភាគខាងលិចនោះ ប្រទេសឥណ្ឌានិងចិន កំពុងតែបង្កើតរូបមន្តផែនការ ដែលមានទាំងការបង្កើតតំបន់គ្មានការល្បាត ដោយដករថក្រោះនិងកាំភ្លើងធំចេញ និងប្រើប្រាស់កូនដ្រូនដើម្បីបញ្ជាក់អំពីការដកនោះ។
ថ្លែងប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះតែភាពរសើបនៃស្ថានភាពនោះ មន្ត្រីមួយរូបបានបញ្ជាក់ប្រាប់ដូច្នេះថា “យើងមានផែនការច្បាស់លាស់មួយសម្រាប់ការដកថយ ដែលកំពុងតែពិភាក្សាគ្នា គឺវាកំពុងតែត្រូវបានលើកយកមកពិភាក្សាគ្នាជាផ្ទៃក្នុង លើភាគីទំាងពីរ”។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថិតក្រោមផែនការដែលបានចែករំលែកគ្នា នៅក្នុងអំឡុងកិច្ចប្រជុំមេបញ្ជាការកំពូលមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ភាគីទំាងពីរនឹងដកថយចេញពីតំបន់បឹង Pangong Tso ដែលមានជម្លោះ ហើយបង្កើតតំបន់បណ្ដោះអាសន្នមួយ៕
ប្រែសម្រួល៖ប៉ាង កុង