ព័ត៌មាននៃការដាក់បញ្ចូល Tesla ក្នុងបញ្ជី S&P 500 បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Tesla មានការហក់ឡើងខ្លាំងកាលពីថ្ងៃអង្គារ ដែលបានជួយឲ្យលោក Elon Musk ឡើងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទីបី។
នៅថ្ងៃអង្គារ ពេលដែលតម្លៃហ៊ុនរបស់ Tesla កើនឡើងរហូតដល់ ១២% ទ្រព្យសម្បត្តិរបស់លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានកើនឡើងចំនួន ១១,៨ពាន់លានដុល្លារផងដែរ ធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក មានដល់ ១១៤ពាន់លានដុល្លារ។
ជាមួយទ្រព្យសម្បត្តិនេះ លោក Elon Musk អាចឡើងឈរ នៅតំណែងលេខ៣ នៃបញ្ជីអ្នកមានជាងគេក្នុងលោករបស់ Bloomberg។ តំណែងលេខ១ កាន់កាប់ដោយលោក Jeff Bezos (១៨៥ពាន់លានដុល្លារ) និងលេខ២ កាន់កាប់ដោយលោក Bill Gates (១២៩ពាន់លានដុល្លារ។
គួរដឹងថាក្រុមហ៊ុន Tesla នឹងមានឈ្មោះក្នុងបញ្ជី S&P 500 ជាផ្លូវការនៅខែធ្នូ ខាងមុខនេះ។ S&P 500 គឺជាសន្ទស្សន៍ទីផ្សារភាគហ៊ុន ដែលវាស់វែងភាគហ៊ុន របស់ក្រុមហ៊ុនធំជាងគេ ចំនួន ៥០០ ដែលបានចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក៕ ប្រភព៖ sabay